ភ្នំពេញ៖ គិតត្រឹមម៉ោង ៩និង៣០នាទី ថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២០ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្ទាល់មាត់ ថា ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺ COVID-19 សរុបកើនដល់៩៣នាក់ ។ សម្តេចបញ្ជាក់ថា ករណីថ្មីចំនួន២បន្ថែមទៀតនេះ កើតឡើងនៅខេត្តព្រះសីហនុ ដែលជាជនបរទេស។
សម្តេចតេជោ បញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងបង្កើត ឬចម្លងជំងឺដ៏កាចសាហាវនេះទេ គឺជំងឺ COVID-19 ជាជំងឺនាំចូលពីបរទេស។ ហើយសម្តេចបញ្ជាក់ថា ជនបរទេសដែលកើតជំងឺ COVID-19នេះ ទទួលបានការព្យាបាលជំងឺដោយមិនបង់ថ្លៃសេវាអ្វីទាំងអស់។
នៅព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជាង៣០០នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)៕ដោយ៖កូឡាប