ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ចាប់ពីម៉ោង២៣៖៥៩ នាទីនៅយប់ថ្ងៃទី៣០មីនានេះទៅ កម្ពុជាបិទការផ្ដល់ទិដ្ឋការដល់ភ្ញៀវទេសចរមកពីក្រៅប្រទេស រហូតដល់ស្ថានការណ៍ជំងឺ Covid-19 ធូរស្រាលឡើងវិញ។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងដូច្នេះក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ផាតទ្រីក មូហ្វី (W.Patrick Murrphy) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងទេសចរណ៍។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានស្នើបន្ថែមទៅស្ថានទូតអាមេរិកឱ្យជួយគាំទ្រសកម្មទ្រទ្រង់ដល់វិស័យទេសចរណ៍កម្ពុជា តាមរយៈគម្រោងអភិវឌ្ឍន៍អេកូទេសចរណ៍ និងកម្មវិធីព្រៃឡង់ និងជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជានៅទីផ្សារអាមេរិក ក៏ដូចជាជំរុញការវិនិយោគទេសចរណ៍ពីអាមេរិកមកកម្ពុជា។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានយល់ព្រមតាមសំណើទាំងនេះ ហើយនឹងបន្តចូលរួមក្នុងសកម្មភាពអភិវឌ្ឍវិស័យទេសចរណ៍ តំបន់អេកូទេសចរណ៍នៅតំបន់ជុំវិញបឹងទន្លេសាប។
ឯកឧត្តម ផាតទ្រីក មូហ្វី បានស្នើមកខាងភាគីកម្ពុជាសុំការយោគយល់ដល់ប្រជាជន និងភ្ញៀវទេសចររបស់ខ្លួននៅកម្ពុជា ដែលត្រូវហួសសុពលភាពទិដ្ឋការ (Visa) ប៉ុន្តែមិនអាចត្រឡប់ទៅមាតុភូមិវិញបាន ដោយសារវិបត្តិ Covid-19 ដែលកំពុងរាតត្បាតពាសពេញពិភពលោក។
ឯកឧត្តម មូហ្វី បានបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែថ្លែងអំណរគុណ និងមិនភ្លេចចំពោះទឹកចិត្តរបស់កម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានអន្តរាគមន៍ជួយឱ្យនាវា Westerdam ចូលចតនៅកំពង់ផែព្រះសីហនុ និងបានជួយយកអាសារភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាភ្ញៀវទេសចរអាមេរិកនៅលើនាវានោះផងដែរ។
នៅឆ្នាំ២០២០នេះ ជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក ប៉ុន្តែដោយសារការរាតត្បាតរបស់ជំងឺ Covid-19 ភាគីទាំងពីរក៏ពន្យារការប្រារព្ធរំឭកខួបទំនាក់ទំនងនេះសិន។ ប៉ុន្តែបើតាមឯកឧត្តមមូហ្វី អាមេរិកនៅតែមានទំនាកទំនងល្អជាមួយកម្ពុជាលើវិស័យទេសចរណ៍ ដោយបានសន្យាថានៅពេលស្ថានការណ៍ជំងឺ Covid-19 បានធូរស្រាលទៅ លោកនឹងជំរុញឱ្យមានចលនាទេសចរពីអាមេរិកមកកម្ពុជា ដើម្បីឱ្យពួកគេបានស្គាល់កម្ពុជា «ប្រទេសតូច តែទឹកចិត្តទូលំទូលាយ»។
ឯកឧត្តមមូហ្វី បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ថា បច្ចុប្បន្នប្រជាជនអាមេរិកនៅកម្ពុជា (ភ្ញៀវទេសចរ វិនិយោគិន គ្រូបង្រៀន បុគ្គលិកតាមស្ថាប័នមួយចំនួនជាដើម) ដែលការធ្វើដំណើររបស់ពួកគេត្រឡប់ទៅមាតុភូមិវិញនោះមានការពន្យាដោយសារជើងហោះហើរខ្លះត្រូវបានបិទ និងជើងហោះហើរខ្លះក៏មានកំណត់ទៅទៀត ព្រោះតែពិភពលោកជួបនូវវិបត្តិជំងឺ Covid-19 ហើយទិដ្ឋការរបស់ពួកគេក៏ផុតសុពលភាពទៅទៀត ជាហេតុបង្កការលំបាកសម្រាប់ពួកគេខ្លះដែរ ដូច្នេះហើយបានជាស្ថានទូតអាមេរិកបានស្នើមកកាន់ភាគីកម្ពុជា ពិសេសក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួល និងយោគយល់ចំពោះពួកគេ ទម្រាំពួកគេបានត្រឡប់ទៅសហរដ្ឋអាមេរិកវិញ៕ ដោយ៖កូឡាប