ប៉ូលីសនៅក្នុងទីក្រុងម៉ាកាវ បាននិយាយឲ្យដឹងថា ពួកគេកំពុងស្វែងរកចាប់ខ្លួនអ្នកចែកបៀក្នុងកាស៊ីណូម្នាក់ ដែលបានលួចប្រាក់ ៦លានដុល្លាអាមេរិច ជាសែក។ នេះបើតាមការចេញផ្សាយរបស់ BBC នៅយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
ប៉ូលីសមិនបានបញ្ជាក់ប្រាប់ពីឈ្មោះ កាស៊ីណូនោះទេ ប៉ុន្តែភ្នាក់ងារសារព៌តមាន Reuters និងប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានបញ្ជាក់ថា ការលួចលុយបានកើតឡើងនៅក្នុងបន្ទប់វីអាយភី នៃសណ្ឋាគារ Wynn Macau។
ទីក្រុងម៉ាកាវគឺជាមជ្ឍមណ្ឌលល្បែងស៊ីសងធំបំផុតក្នុងពិភពលោក។ វាគឺជាតំបន់គ្រប់គ្រងពិសេសរបស់ចិន ដែលការដំណើរការទាំងឡាយរបស់កាស៊ីណូគឺមានភាពស្របច្បាប់។
បច្ចុប្បន្ន ប៉ូលីសកំពុងតែបន្តស៊ើបអង្កេត ដើម្បីឲ្យដឹងថាតើមាននរណាខ្លះទៀតពាក់ព័ន្ធនឹងការលួចនោះ។
សូមរលឹកថា កាលពីឆ្នាំមុន កាស៊ីណូនៅក្នុងទីក្រុងម៉ាកាវរកចំណូលបាន ៣៣ពាន់លានដុល្លាអាមេរិច។ នេះបើតាមរបាយការណ៏របស់ការិយាល័យសំរបសម្រួល និងត្រូតពិនិត្យល្បែងក្នុងទីក្រុងនេះ៕ សុភ័ក្ត្រ