សៀមរាប៖ ដំណើរការជួសជុលប្រាសាទអកយំមកដល់ឆ្នាំ២០២០ មានរយៈពេលជិតមួយឆ្នាំហើយ ដែលក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានប្រឹងប្រែងសង្គ្រោះឱ្យរួចផុតពីហានិភ័យ ដើម្បីឱ្យបុរាណដ្ឋានមួយនេះ មានភាពរឹងមាំ ស្រស់ស្អាត និងចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ សម្រាប់ទទួលស្វាគមន៍ទេសចរ គ្រប់ទិសទីមកទស្សនាឱ្យបានច្រើនកុះករ។
លោកបណ្ឌិត ជា សុជាតិ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាប្រធានគម្រោង បានឱ្យដឹងថា ប្រាសាទអកយំរងនូវការខូចខាត តាំងពីមុនបារាំងរកឃើញមកម្ល៉េះ (ឆ្នាំ១៩៣២) ដោយសាររចនាសម្ព័ន្ធមួយផ្នែក នៃប្រាសាទត្រូវបានកប់ក្រោមខ្នងទំនប់បារាយណ៍។ មិនតែប៉ុណ្ណោះ ដើមឈើនិងឫសឈើ ក៏បានដុះចាក់ឫសបំផ្លាញប្រាសាទ កម្សោយរចនាសម្ព័ន្ធគ្រឹះមិនអាចទ្រទម្ងន់សង្កត់របស់តួប្រាសាទទាំងមូល ការលួចជីករកវត្ថុបុរាណ ឥដ្ឋពុកផុយ ការបំផ្លាញដោយបរិស្ថានមានរុក្ខជាតិ ស្លែ ទឹក សីតុណ្ហភាព អាកាសធាតុ លំញ័រយានយន្តដែលបរកាត់បុរាណដ្ឋាន បាយអរអស់គុណភាព និងកង្វះការថែទាំជាដើម។
ដើម្បីសង្គ្រោះប្រាសាទនេះឱ្យផុតពីគ្រោះថ្នាក់ អាជ្ញាធរជាតិអប្សរា បានជួសជុលទៅតាមដំណាក់កាល។ ដំណាក់កាលទី១ សម្អាតប្រាសាទ ត្រួសត្រាយព្រៃ សម្អាតកំណកដី សម្រង់ប្លង់ជុំវិញប្រាសាទ និងពង្រឹងខឿនខាងត្បូងនៃប្រាង្គកណ្តាល។ ដំណាក់កាលទី២ ក្រុមការងារបន្តពង្រឹងប្រាង្គកណ្តាល ពង្រឹងនិងជួសជុលខឿនផ្នែកខាងត្បូង ខាងលិច ខាងកើត និងខាងជើង។ នៅផ្នែកខាងជើង ក្រុមការងារបានដំឡើងស៊ុមទ្វារ ដែលធ្វើពីថ្មភក់ឱ្យឈរឡើងវិញ ដែលគេបានធ្វើបន្ថែមលើសំណង់ចាស់កាលពីសតវត្សរ៍ទី១០ ឱ្យដូចដើម។ បន្តពីនោះ ក្រុមការងារបានដកដើមពោធិ៍ រើរានព្រះភូមិនៅផ្នែកខាងកើត ដែលជាច្រកចូលដ៏សំខាន់ ហើយពង្រឹងខឿនទី៣ និងកម្រាលខឿនដែលឫសពោធិ៍ បានចាក់ចូលធ្វើឱ្យខូចខាត។ រួចហើយពង្រឹងនិងជួសជុលខឿនប្រាង្គ ដំឡើងកាំជណ្តើរថ្មភក់និង ដាក់បង្កាន់ដៃឥដ្ឋសងខាង។ ចំណែកនៅកណ្តាលប្រាង្គ ក្រុមការងារបានរៀបចំពង្រឹងជើងទម្រ និងលើកបំណែកជើងទម្រ មកដាក់នៅទីតាំងដើមវិញ។
ប្រធានគម្រោងរូបនេះបានបញ្ជាក់ថា គោលបំណងនៃការជួសជុលប្រាសាទអកយំ គឺដើម្បីរួមចំណែកលើកតម្លៃប្រាសាទនេះ ឱ្យផុតពីការបំផ្លាញរបស់ធម្មជាតិ បរិស្ថាន និងមនុស្ស ឱ្យសមតម្លៃជាបេតិកភណ្ឌពិភពលោក។ លោក សុជាតិ សង្ឃឹមថា ក្រោយបញ្ចប់គម្រោងជួសជុល ក្នុងពេលឆាប់ៗខាងមុខ នឹងមានភ្ញៀវទេសចរស្គាល់ច្រើន មកទស្សនាច្រើនដូចបារាយណ៍ដែរ ដើម្បីសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រ បរិស្ថាន ការជួសជុល សំណង់ប្រាសាទភ្នំដែលមានវ័យចំណាស់ជាងគេ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ៕ដោយ៖បញ្ញាស័ក្តិ