ខេត្តកណ្តាល៖ ស្នូរកាំភ្លើងជាច្រើនគ្រាប់បានលាន់យ៉ាងខ្លាំងចេញពីទីតាំងកន្លែងរណ្តៅដីអត់ច្បាប់ ឋិតនៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល នៅចំពីខាងក្រោយបន្ទាយសឹករងខេត្ត កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ដែលសមត្ថកិច្ចមូលដ្ឋានអះអាងថា ជនបង្កឈ្មោះពៅ ជាម្ចាស់រណ្តៅដី។
ឈ្មោះពៅ ជាម្ចាស់រណ្តៅដីបាន ធ្វើសកម្មភាពដកកាំភ្លើងខ្លីបាញ់ភ្ជុចទៅក្នុងរណ្តៅដីអស់ចំនួន១បង់ ជាការគម្រាមខាងជំនាញ ក្រសួងរ៉ែនិងឋាមពលចុះមកពិនិត្យរណ្តៅដីអត់ច្បាប់របស់ខ្លួន។
បន្ទាប់ពីបាញ់ឈ្មោះពៅក៏បានបញ្ជាអោយកូនចៅរបស់ខ្លួនបើកគ្រឿងចក្រអាអិចកាយដីយកទៅដាក់ចំកណ្តាលផ្លូវដើម្បីបង្អាក់ដំណើរជំនាញ ដោយប្រើជាលេសថា គ្រឿងចក្រអាអិចកាយដី បានខូច។ ពាក់ព័ន្ធករណីនេះ មិនមានសមត្ថកិច្ចឃាត់ខ្លួនជនបង្កក្នុងសកម្មភាព រារាំងបាញ់គម្រាមមន្ត្រីរាជការសាធារណៈនោះទេ ទើបតែនៅព្រឹកថ្ងៃសុក្រ ទី១៩ ខែ មករា ឆ្នាំ២០១៨ គេឃើញមានកម្លាំងនគរបាលព្រហ្មទណ្ឌចុះទៅកន្លែងកើតហេតុ ជាមួយខាងជំនាញ ដើម្បីធ្វើកំណត់ហេតុស្តាប់ចម្លើយសាក្សី អ្នករស់នៅជុំវិញកន្លែងកើតហេតុ និងពិនិត្យ ឯកសារច្បាប់៕ ដោយ៖បញ្ញាស័ក្តិ