ភ្នំពេញ ៖ មនុស្ស២នាក់បានស្លាប់ និងម្នាក់ទៀតរបួស ក្រោយពីមានហេតុការណ៍ចរាចរណ៍រថយន្តដឹកថ្មបុករះម៉ូតូ និងរថយន្ត១គ្រឿងយ៉ាងពេញទំហឹង កាលពីព្រឹកថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨ នៅភូមិចំពុះក្អែកផ្លូវលេខ ៣៦៩ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនកើតហេតុគេបានឃើញរថយន្តបែនដឹកថ្ម បើកដោយបុរសម្នាក់ក្នុងល្បឿនលឿន ដែលបើកលើផ្លូវលេខ ៣៦៩ ក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ហើយបានបើកបុករះម៉ូតូ៥គ្រឿង រថយន្ត១គ្រឿង ដែលបណ្តាលឲ្យអ្នកជិះម៉ូតូក្មេងចាស់២នាក់ស្លាប់ភ្លាមៗ និងរបួសម្នាក់ ចំណែករថយន្តបង្កបានក្រឡាប់នៅក្បែរនោះ ហើយអ្នកបើករថយន្តបង្កត្រូវបានឃាត់ខ្លួនផងដែរ។
ក្រោយកើតហេតុ អ្នកស្លាប់ទាំង២នាក់ត្រូវបានសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសបញ្ជួនទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពទ្យ។ចំពោះវត្ថុតាងត្រូវបានសមត្ថកិច្ច យកទៅរក្សារទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយទៅតាមច្បាប់៕ ដោយ៖បញ្ញាស័ក្តិ