ភ្នំពេញ៖ មជ្ឈមណ្ឌលព័ត៌មាន Pen Media Group បានប្រកាសដាក់ឲ្យដំណើរការ អាជីវកម្មឡើងវិញ នូវប្រភេទសារព័ត៌មានទំនើបគេហទំព័រ CEN ចាប់ពីថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២០ នេះតទៅ រួមជាមួយនឹងព័ត៌មានដ៏សម្បូរបែប ដូចជា ស្ទីឌីយោគ្រប់វិស័យ ព័ត៌មាន ទូរទស្សន៍អនឡាញដ៏លឿន រហ័ស ពិត និងជាទីទុកចិត្ត ជូនសាធារណជនគ្រប់ស្រទាប់វណ្ណៈ ក្រោមការដឹកនាំរបស់លោកស្រី ជីប យុទ្ធារី ដែលជានាយិកាថ្មី ។
បើតាមសេចក្តីប្រកាសព័ត៌មាន ដែលធ្វើឡើងកាលពីថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ ២០២០ បានបញ្ជាក់ថា ៖ មជ្ឈមណ្ឌលព័ត៌មាន Pen Media Group មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិមេត្តាជ្រាបថា មជ្ឈមណ្ឌលយើងខ្ញុំសូមប្រកាសជាឱឡារឹកថា យើងដាក់ឱ្យដំណើរការអាជីវកម្មឡើងវិញ នូវប្រភេទសារព័ត៌មានទំនើបគេហទំព័រ CEN (Cambodia Express News) ចាប់ពីថ្ងៃសៅរ៍ទី៤ ខែមេសា ឆ្នាំ២០២០ នេះតទៅ។
លោកស្រី ជីប យុទ្ធារី នាយិកាមជ្ឈមណ្ឌល Pen Media Group បានមានប្រសាសន៍ថា មជ្ឈមណ្ឌល Pen Media Group ត្រូវបានបង្កើតឡើង តាមលក្ខណៈបែបសារព័ត៌មានទំនើបដំបូងគេ នៅកម្ពុជា ដោយលោក ប៉ែន សមិទ្ធិ (លោកបានធ្វើមរណភាពកាលពី៥ឆ្នាំមុន) ជានិពន្ធនាយកកាសែតរស្មីកម្ពុជា និងជាប្រធានស្ថាបនិកក្លឹបអ្នកកាសែតកម្ពុជា។
លោកស្រី បានថ្លែងបន្តទៀតថា “មជ្ឈមណ្ឌល Pen Media Group ត្រូវបាន ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រេចអនុញ្ញាតឱ្យផ្ទេរសិទ្ធិគ្រប់គ្រង ពីកញ្ញា ប៉ែន នីណា មកលោកស្រី ជីប យុទ្ធារី តាមលិខិត ៣១៩ ព.ម.ប្រក ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩”។
បើតាមលោកស្រីនាយិកា ៖ “ការដាក់ឱ្យដំណើរការអាជីវកម្មឡើងវិញ នូវគេហទំព័រ CEN ធ្វើឡើងក្នុងគោលបំណង រក្សាបុព្វហេតុដើម នៃការបង្កើត Pen Media Group របស់លោក ប៉ែន សមិទ្ធិ ដែលជាអ្នកដឹកនាំសហគមន៍សារព័ត៌មានកម្ពុជា ដ៏ប៉ិនប្រសប់ និងពោរពេញ ដោយទេព្យកោសល្យ រួមចំណែកជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដទៃទៀត នៅព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមមាគ៌ាប្រជាធិបតេយ្យ សេរី ពហុបក្ស រាជានិយមអាស្រ័យធម្មនុញ្ញ និងសេដ្ឋកិច្ចទីផ្សារសេរី ជាពិសេសការដាក់ឱ្យដំណើរការឡើងវិញ នៅពេលនេះ គឺដើម្បីចូលរួមជាមួយនឹងកម្លាំងសង្គមជាតិ ទាំងមូល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID- 19 តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO)។ មិនតែប៉ុណ្ណោះ យើងខ្ញុំកំពុងខ្នះខ្នែងវិនិយោគបន្ថែម លើការបង្កើតស្ទីឌីយោគ្រប់វិស័យ ប្រយោជន៍ នាំព័ត៌មាន បែបទូរទស្សន៍អនឡាញដ៏លឿន រហ័ស ពិត និងជាទីទុកចិត្ត ជូនសាធារណជន ដែលមានលក្ខណៈសម្បូរបែប”។
“យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការដាក់ឱ្យដំណើរការឡើងវិញ នៃគេហទំព័រ CEN នេះ នឹងទទួលបានការគាំទ្រ ពីសំណាក់សាធារណជនជាតិ និងអន្តរជាតិ ជាក់ជាពុំខានឡើយ” លោកស្រី ជីប យុទ្ធារី នាយិកាមជ្ឈមណ្ឌល Pen Media Group បានបញ្ជាក់យ៉ាងដូច្នេះ៕ ដោយ៖កូឡាប