ប្រទេសចិនបានប្រកាសនៅថ្ងៃអង្គារនេះថា មិនមាននរណាម្នាក់ស្លាប់ដោយសារវីរុសកូរ៉ូណាឡើយ ហើយនេះជាលើកដំបូងដែលមិនមានអ្នកស្លាប់ ចាប់តាំងពីខែមករាមក។ នេះបើតាមការបញ្ជាក់របស់គណៈកម្មការសុខាភិបាលជាតិចិន។
ការឆ្លងថ្មីនៅចិនបានថតចុះជាបន្តបន្ទាប់មកដល់កម្រិតទាបបំផុតចាប់តាំងពីខែមីនាមក ប៉ុន្តែប្រទេសនេះកំពុងប្រឈមនឹងការឆ្លងថ្មីដែលមានប្រភពមកពីក្រៅប្រទេសតាមរយៈការវិលត្រឡប់ចូលស្រុកវិញ របស់ប្រជាជនចិន។
កាលពីថ្ងៃចន្ទម្សិលមិញ មានការឆ្លងចំនួន ៣២ករណី ថយចុះពីចំនួន ៣៩ករណី នៅថ្ងៃអាទិត្យ។
ការឆ្លងទាំង ៣២ករណីកាលពីថ្ងៃចន្ទ សុទ្ធតែឆ្លងមកពីខាងក្រៅ នៅពេលមានការធ្វើដំណើរពីក្រៅស្រុកចូលក្នុងប្រទេស បណ្តាលឲ្យតួលេខនៃអ្នកឆ្លងមកពីខាងក្រៅកើនដល់ចំនួន ៩៨៣នាក់។
សូមបញ្ជាក់ថា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាសរុបនៅក្នុងប្រទេសចិន មាន ៨១.៧៤០នាក់ និងមានអ្នកស្លាប់ចំនួន ៣.៣៣១នាក់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNA