ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ដូចបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស បានដឹងច្បាស់ហើយ អំពីការរីករាលដាលជំងឺឆ្លងកូវីដ-១៩ នៅទូទាំងពិភពលោក ដែលធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។ ទោះបីអត្រានៃការឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជាមានកម្រិតទាប ហើយការព្យាបាលបានជាច្រើនឡើង ជារៀងរាល់ថ្ងៃក៏ពិតមែន ប៉ុន្តែជំងឺនេះ គឺនៅតែជាជំងឺឆ្លង ដ៏កាចសាហាវបំផុត។
សម្តេចបានថ្លែងថា ជាក់ស្តែង នៅជុំវិញប្រទេសយើង ដូចជា ប្រទេសថៃ និងវៀតណាម គឺកំពុងប្រឈម នឹងការឆ្លងរាលដាលយ៉ាងខ្លាំង។ ដូច្នេះកម្ពុជា ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយវិធានការទប់ស្កាត់គ្រប់ជ្រុងជ្រោយ រួមទាំងការត្រៀមបម្រុងថវិកា សម្រាប់ទិញសម្ភារៈ និងបរិក្ខារពេទ្យ ព្រមទាំងស្បៀងអាហារ ស្តុកទុកសម្រាប់ជួយ ប្រជាពលរដ្ឋ ក្នុងស្ថានភាពដែលយើង មិនអាចមើលឃើញណាមួយ។
កាលពីពេលថ្មីៗនេះ តាមរយៈការរៃអង្គាសមូលនិធិពីសប្បុរសជន និងពីមន្ត្រីរាជការ សម្រាប់មូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ គឺបានទទួលជាង១១លានដុល្លារអាមេរិករួចហើយ។ នៅថ្ងៃទី ៧ មេសា ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់ជាសាធារណ អំពីការសម្រេចកាត់បន្ថយថវិកា ចំនួន៩១៨លានដុល្លារអាមេរិកថែមទៀត ពីស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីយកមកត្រៀមបម្រុង សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំសុំការយោគយល់ពីស្ថាប័នជាតិគ្រប់ថ្នាក់ ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាល ត្រូវបង្ខំចិត្តកាត់បន្ថយការចំណាយពីរដង លើកទីមួយ គឺកាត់បន្ថយការចំណាយចំនួន ៤៤៣លានដុល្លារអាមេរិក និងលើកទីពីរនេះ កាត់បន្ថយការចំណាយចំនួន៤៧៥លានដុល្លារអាមេរិកថែមទៀត។ បូកសរុបទាំងពីរលើកនេះ គឺមានចំនួន៩១៨លាន ដុល្លារអាមេរិក សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ”៕ ដោយ៖កូឡាប