ភ្នំពេញ៖ ក្រុមឃាតករដែលបានកាប់សម្លាប់បុរសម្នាក់ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់បាន៣នាក់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រុមឃាតករដែលចាប់បាន៣នាក់នោះ ទី១៖ ឈ្មោះ ជីប ធឺន ហៅជៀប ធឿន អាយុ២២ឆ្នាំ ទី២៖ ឈ្មោះ សាយ សឹង្ហ អាយុ១៨ឆ្នាំ និងទី៣៖ ឈ្មោះ វង្ស វី អាយុ១៨ឆ្នាំ។
លោកឧត្ដមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការអាវុធហត្ថខេត្តបាត់ដំបង បានបញ្ជាក់ថា តាមចម្លើយឆ្លើយសារភាពរបស់ជនល្មើស មូលហេតុដែលពួកគេកាប់ទៅលើជនរងគ្រោះ គឺមកពីជនរងគ្រោះជិះម៉ូតូសម្លឹងមើលមុខបក្ខពួកខ្លួន ហើយជនរងគ្រោះបានចុះមកវាយពួកខ្លួនមុន ទើបពួកខ្លួនវាយ និងកាប់ជនរងគ្រោះបណ្តាលរបួសធ្ងន់រហូតដល់ស្លាប់តែម្តង។
សូមរំលឹកថា នៅយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ នៅភូមិរាមគន់ ឃុំគារ ស្រុកមោងឬស្សី ខេត្ដបាត់ដំបង មានករណីឃាតកម្មមួយកើតឡើង បង្កដោយជនល្មើសមិនស្គាល់សាវតាមួយក្រុម ដែលមានគ្នាចាប់ពី៥នាក់ ទៅ៧នាក់ ប្រដាប់ដោយដាវសាំម៉ារ៉ៃ កាំបិតប៉័ងតោ កាំបិតខ្វែវ និងចបជីកដងដែក បានធ្វើសកម្មភាពវាយ និងកាប់ទៅលើដៃគូទំនាស់មួយក្រុមផ្សេងទៀតដែលមានគ្នា៥នាក់ បណ្តាលឲ្យជនរងគ្រោះឈ្មោះ ណែម ភា អាយុ២៧ឆ្នាំ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ និង២នាក់ផ្សេងទៀតរងរបួស៕ ដោយ៖បញ្ញាស័ក្តិ