Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភីលីពីន ផ្អាកបញ្ជូនកម្មករទៅគុយវ៉ែត​ ដើម្បីស៊ើបអង្កេតករណីធ្វើអត្តឃាតរបស់កម្មករខ្លួ​នជាច្រើន ក្នុងប្រទេសនោះ

ប្រទេសភីលីពីន បានផ្អាកការបញ្ជូនកម្មករទៅធ្វើការនៅប្រទេសគុយវ៉ែត មួយរយៈសិន ដោយសារកំពុងតែធ្វើការស៊ើបអង្កេតលើករណីស្លាប់របស់ជនជាតិភីលីពីនជាច្រើននាក់នៅទីនោះ។

បំរាមនេះកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពេលប្រធានាធិបតី រ៉ូទ្រីហ្គូ ដូធឺតេ (Rodrigo Duterte) បានអះអាងថា ការរំលោភបំពានរបស់ថៅកែនៅក្នុងប្រទេសគុយវ៉ែត ជាហេតុធ្វើឲ្យកម្មករបំរើការក្នុងផ្ទះធ្វើអត្តឃាតសម្លាប់ខ្លួន។

គាត់បញ្ជាក់ថា គាត់បានដឹងថា ស្រ្តីភីលីពីនជាច្រើន បានទទួលរងការរំលោភបំពានផ្លូវភេទ នៅក្នុងប្រទេសនេះ។

រដ្ឋលេខាធិការក្រសួងការងាររបស់ភីលីពីន ឈ្មោះ Silvestre Belo បានថ្លែងថា មានករណីចំនួន ៦ ឬ ៧កំពុងត្រូវបានស៊ើបអង្កេត។

កាលពីដើមខែមករានេះ មានការព្រួយបារម្ភកើនឡើងយ៉ាងខ្លាំង ក្រោយពេលសាកសពរបស់ស្រ្តីភីលីពីនម្នាក់ ដែលបានធ្វើអត្តឃាតសម្លាប់ខ្លួន ត្រូវបានគេបញ្ជូនត្រឡប់មកស្រុកកំណើតវិញ។ គ្រួសាររបស់ស្រ្តីរងគ្រោះ បាននិយាយថា ដងខ្លួនរបស់សាកសពបានបង្ហាញពីសញ្ញានៃការរំលោភបំពាន ចំនែកគ្រឿងក្នុងរបស់សាកសពក៏បាត់ទៀត។

បើតាមរបាយការណ៏របស់ក្រសួងការបរទេសភីលីពីន បានបញ្ជាក់ថា មានកម្មករភីលីពីនជាង ២៥០.០០០នាក់ កំពុងធ្វើការងារនៅក្នុងប្រទេសគុយវ៉ែត។ ពួកគេភាគច្រើនធ្វើការងារជាស្រ្តីបំរើក្នុងផ្ទះ និងជំនួយការក្នុងផ្ទះ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ប្រជាជនភីលីពីនចំនួនជាង ២,៣លាននាក់​​ កំពុងបំរើការងារស្របច្បាប់នៅក្រៅប្រទេស។ ភាគច្រើនពួកគេធ្វើការងារនៅក្នុងប្រទេសកាតា សៅឌីអារ៉ាប់ប៊ី និងប្រទេសអារ៉ាប់រួម៕ សុភ័ក្ត្រ

×