ថៃប៉ូលីបានចាប់បុរសម្នាក់ ដែលជាមេក្លោងរបស់បណ្តាញជួញដូរសត្វព្រៃខុសច្បាប់ធំបំផុតក្នុង
តំបន់អាស៊ី។
បុរសរូបនោះមានឈ្មោះ Boonchai Bach អាយុ ៤០ឆ្នាំ ជាជនជាតិថៃ មានដើមកំណើតវៀតណាម។ គាត់ត្រូវបានប៉ូលីសឃុំខ្លួននៅក្នុងក្រុងមួយស្ថិតនៅជាប់ព្រំដែនវៀតណាម។
ជនល្មើសនេះអាចប្រឈមនឹងការជាប់គុក ៤ឆ្នាំពីបទជួញដូរបំណែកសត្វព្រៃ ដូចជាកុយរមាស និងភ្លុកដំរីជាដើម។
ការជួញដូរសត្វព្រៃគឺជាអំពើខុសច្បាប់ តែជនល្មើសធ្វើតាមទីផ្សារងងឹត និងអាចឲ្យពួកគេរលុយបានច្រើន។ ប៉ូលីសបញ្ជាក់ថា Boonchai Bach គឺជាមេក្លោងនៃបណ្តាញជួញដូរសត្វព្រៃដ៏ធំ ដែលបានប្រតិបត្តិការជាង ១០ឆ្នាំមកហើយ។
បុរសរូបនោះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រកន្លងទៅ ដោយសារតែជួយដូរកុយរមាសចំនួន ១៤ដុំ ដែលមានតម្លៃប្រមាណ ១លានដុល្លាអាមេរិច ពីប្រទេសអាហ្រ្វិចចូលប្រទេសថៃ៕ សុភ័ក្ត្រ