Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បំណុល​មីក្រូហិរញ្ញវត្ថុ​គួរ​ត្រូវបាន​ព្យួរ និង​ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ម្ចាស់ទ្រព្យ​វិញ អំឡុងពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩

spot_img

​ភ្នំពេញ ៖ អង្គការ សមាគម សង្គម​ស៊ីវិល ចំនួន​១៣៤ បានរួម​គ្នា នៅ​ថ្ងៃទី​២៧​ខែមេសា​ឆ្នាំ​២០២០ បានចេញ​សេចក្តីថ្លែងការណ៍​រួម​ស្ដីពី បំណុល​មីក្រូហិរញ្ញវត្ថុ​គួរ​ត្រូវបាន​ព្យួរ និង​ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ម្ចាស់ទ្រព្យ​វិញ អំឡុងពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។ នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់​អង្គការ​លីកាដូ ។ ចំណែក​ធនាគារជាតិ កាលពីពេល​ថ្មីៗ​នេះ បានស្នើ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ផ្តល់​ការបន្ធូរបន្ថយ​កម្រៃ​សេវា​ពាក់ព័ន្ធ​នឹង​ឥណទាន និង​/​ឬ​លើកលែង​ការផាកពិន័យ​ផ្សេងៗ​ចំពោះ​អតិថិជន ។​

​អង្គការ​លីកាដូ បាន​បញ្ជាក់ថា ការរង​គ្រោះ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​រាប់លាន​នាក់​ដែល​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ គឺ​កំពុង​ត្រូវបាន​រងគ្រោះ​បន្ថែមទៀត​ដោយសារ​ការបន្ដ​កើតមាន​នូវ​វិបត្តិ​ជំពាក់​បំណុល​ច្រើន​លើសលុប​នៅក្នុង​ប្រទេស ដែល​កើតចេញពី​កម្ចី​ឥណទាន ជាង​១០​ពាន់​លាន​ដុល្លារ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយចំនួន ។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​កម្ពុជា​ច្រើនជាង​២​លាន​៥​សែន​នាក់​មាន​ជាប់ជំពាក់​កម្ចី​ខ្នាតតូច ជាមួយនឹង​អត្រា​កម្ចី​ជា​មធ្យម ៣៨០០​ដុល្លារ ដែលជា​ចំនួន​ច្រើនជាងគេ​នៅលើ​ពិភពលោក ។ ការណ៍​នេះ​ធ្វើឱ្យ​ជីវភាព​រស់នៅ សុខភាព និង​សុវត្ថិភាព​កម្មសិទ្ធិ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​កម្ពុជា​រាប់លាន​នាក់ ប្រឈម​នឹង​ហានិភ័យ ។​

​កន្លងមក​រាជរដ្ឋាភិបាល​មាន​វិធានការ​មួយចំនួន​រួចមកហើយ ។ យើងខ្ញុំ សូម​សំណូមពរ​បន្ថែម​ដល់​រាជរដ្ឋាភិបាល​ក្នុងការ​ពិចារណា​ដើម្បី​ធានាថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឆាប់​ផ្អាក​ការសង​ប្រាក់កម្ចី និង​ការប្រាក់​ទាំងអស់ យ៉ាងតិចណាស់​ចំនួន​៣​ខែ និង​ប្រគល់ជូន​ម្ចាស់ទ្រព្យ​វិញ​នូវ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​រាប់លាន​ប្លង់​ពាក់ព័ន្ធ​នឹង​កម្ចី​ខ្នាតតូច ដែល​បច្ចុប្បន្ន​ត្រូវបាន​ដាក់​ជា​ទ្រព្យ​ធានា (​បញ្ចាំ​) ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ។ វិធានការ​ទាំងនេះ​គឺមាន​ភាពចាំបាច់ ដើម្បី​ធានាថា ប្រជាពលរដ្ឋ​អាច​បន្ត​រស់នៅ​ក្នុងពេល​មាន​វិបត្តិ​នេះ​ដោយ​គ្មាន​ហានិភ័យ​ចំពោះ​សុខភាព ឬ​លំនៅដ្ឋាន​របស់​អ្នក​ទាំងនោះ និង​អាច​បញ្ជៀ​ស​ពី​កម្ចី​ឥណទាន​មាន​ហានិភ័យ ដែល​អាច​នាំឱ្យ​កើតមាន​ករណី​ធ្វើ​ការងារ​ដោះបំណុល ការជួញដូរ​មនុស្ស និង​ការរំលោភ​សិទ្ធិមនុស្ស​ដ​ទៃទៀត ។​
​កម្មករ​-​កម្មការិនី​រាប់លាន​នាក់​ក្នុង​វិស័យ​ទេសចរណ៍ កាត់ដេរ និង​សំណង់ កំពុង​ប្រឈមមុខ​នឹង​ការបញ្ឈប់​ពី​ការងារ និង​ការបាត់បង់​ប្រាក់បៀវត្ស​រ៍ ។ ការខិតខំ​ប្រឹងប្រែងរ​បស់​រាជរដ្ឋាភិបាល​ក្នុង​ការជួយ​ផ្គត់ផ្គង់​ចំពោះ​ការបាត់បង់​ទាំងនេះ​កន្លងមក គឺ​នៅមាន​ភាពខ្វះខាត​ក្នុងការ​បំពេញតម្រូវកា​រ​មូលដ្ឋាន​របស់​កម្ម​ករ​-​កម្មការិនី ។ បំណុល​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ដែល​ភាគច្រើន​មាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​របស់​អ្នក​ខ្ចីប្រាក់​រាប់លាន​ប្លង់​ដាក់​ជា​ទ្រព្យ​ធានា បង្កើន​ឱ្យមាន​ហានិភ័យ​រយៈពេល​ខ្លី​និង​វែង​កាន់តែខ្លាំង ក្នុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​នេះ ។​

​យើងខ្ញុំ​ទទួលស្គាល់​ពី​វិធាន​ការដែល​បានដាក់​ចេញ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា ក្នុងការ​លើកទឹកចិត្ត​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ រៀបចំ​ឥណទាន​ឡើងវិញ និង​ការពន្យា​ពេល​សង​ប្រាក់ ដោយ​ផ្អែក​តាម​ករណី​ជាក់ស្ដែង​នីមួយៗ ហើយ​ករណីនេះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​បានប្រកាស​ពី​ការពន្យា​ពេល​សង​ទាំង​ការប្រាក់​និង​ប្រាក់​ដើម​រយៈពេល​៣​ខែ សម្រាប់​អ្នក​ខ្ចីប្រាក់​មួយចំនួន​ក្រោយពី​មានការ​ស្នើសុំ ។ ទោះបីជា​យ៉ាងណាក៏ដោយ កម្ពុ​ជាមាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជាង​៨០ ហើយ​ដំណើរការ​ដោះស្រាយ​តាម​ករណី​ជាក់ស្ដែង​នីមួយៗ​នឹងមិន​អាចធ្វើ​ទៅបាន​លឿន​នោះទេ សម្រាប់​អ្នក​ខ្ចីប្រាក់​ជាង​២​លាន​៦​សែន​នាក់​ដែល​កំពុង​ត្រូវ​ការជួយ​សម្រាល​បន្ទុក​ជាបន្ទាន់ ។ វិធានការ​ជា​លក្ខណៈ​ប្រព័ន្ធ​លើសពីនេះ គឺ​ត្រូវការ​ជាបន្ទាន់ ។ យើងខ្ញុំ​សង្ឃឹមថា ធនាគារជាតិ​នៃ​កម្ពុជា និង​រាជរដ្ឋាភិបាល​មេត្តា​ពិចារណា​ចេញ​បទបញ្ជា​ចំពោះ​វិស័យនេះ ដើម្បី​បង្គាប់​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ជួយ​សម្រាល​បន្ទុក​រប​ស់​អ្នក​ខ្ចីប្រាក់​ឱ្យបាន​ឆាប់ ក្នុងនោះ​មានការ​ប្រគល់ជូន​អ្នក​ខ្ចីប្រាក់​វិញ​នូវ​ទ្រព្យ​ដែលមាន​តម្លៃ​ជាងគេ​គឺ ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ហើយ​ផ្អាក​ការសង​ប្រាក់​និង​ការប្រាក់​ទាំងអស់​សម្រាប់​រយៈពេល​យ៉ាងតិច​៣​ខែ ដែល​អាច​ឱ្យមាន​ការជួយ​សម្រាល​បន្ទុក​រយៈពេល​វែង ប្រសិនបើ​វិ​ប​តិ្ត​នេះ​នៅ​បន្ត ។​

​ប្រជាពលរដ្ឋ​ទាំងអស់​រួមទាំង​អ្នក​ខ្ចីប្រាក់​មីក្រូហិរញ្ញវត្ថុ សាក​សម​នឹង​ទទួលបាន​សិទ្ធិ​កាន់កាប់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​របស់​អ្នក​ទាំងនោះ​ដោយ​គ្មាន​ការរារាំង​តាំងពីដើម​មក ជាពិសេស​ក្នុង​ពេលនេះ ។ នៅ​ប៉ុន្មាន​ខែក្រោយ ប្រជាពលរដ្ឋ​កម្ពុជា​រាប់សែន​នាក់​អាច​នឹង​បាត់បង់​ការងារ ឬ​ប្រាក់បៀវត្សរ៍ នៅ​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា ហើយ​ភាគច្រើន​នៃ​អ្នក​ទាំងនេះ​នឹង​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​នៅតាម​ជនបទ ។ ជា​យូរ​មកហើយ សុវត្ថិភាព​កម្មសិទ្ធិ​ដីធ្លី​គឺជា​រឿង​ពិបាក​ធានា​មួយ​នៅ​កម្ពុជា ហើយ​ហានិភ័យ​កើតចេញពី​បំណុល​មីក្រូហិរញ្ញវត្ថុ​គឺជា​រឿង​សំខាន់​មិនអាច​ព្រងើយកន្ដើយ​បានទេ ។ វិធានការ​ជាបន្ទាន់​គួរ​ត្រូវបាន​ពិចារណា​យកមកអនុវត្ត ដើម្បី​ធានាថា គ្មាន​អ្នកណាម្នាក់​ត្រូវបាន​បង្ខំ​ឱ្យ​លក់​ដី​សម្រាប់​សងបំណុល អំឡុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​នេះ ។ ម​ធ្យោ​យ​បាយ​ល្អ​បំផុត ដើម្បី​ជៀសវាង​ពី​បញ្ហា​នេះ គឺ​ការប្រគល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូនទៅ​ម្ចាស់ទ្រព្យ​ដែលមាន​សិទ្ធិ​ពេល​លេញ​វិញ និង​ផ្អាក​ការសង​ប្រាក់ ។​

​លើសពីនេះ បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធ្វើឱ្យប៉ះពាល់​ដោយ​មិន​សមាមាត្រ​ចំពោះ​ស្ត្រី ទាំង​៧៥%​នៃ​អ្នក​ខ្ចីប្រាក់​សរុប​ពី​គ្រឺះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ។ វិបត្តិ​ជំងឺ​កូ​វីដ​១៩​បានធ្វើឱ្យ​ធ្លាក់ចុះ​នៃ​តម្រូវការ​ក្នុង​វិស័យ​កាត់ដេរ ដែល​៨០​ភាគរយ​នៃ​អ្នកធ្វើការ​ក្នុង​វិស័យនេះ​គឺជា​ស្ត្រី ។ ខណៈដែល​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​បារម្ភ​ពី​បញ្ហា​អាហារ​បរិភោគ ឬ​លទ្ធភាព​ក្នុងការ​ទទួលបាន​តម្រូវការ​ចាំបាច់​ជា​មូលដ្ឋាន​នៅ​សប្ដាហ៍ និង​ខែក្រោយៗ​ទៀត អ្នក​ទាំងនោះ​មិនគួរ​ត្រូវ​បារម្ភ​ពី​ការសង​ប្រាក់​ប្រចាំខែ​ទៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទេ ជាពិសេស​ក្នុងករណី​ដែល​មិនបាន​សង​ប្រាក់ អាច​ត្រូវ​ប្រឈម​នឹង​ការបាត់បង់​ដីធ្លី ។​

​យើងខ្ញុំ​យល់ថា ការផ្អាក​ការសង​ប្រាក់​នឹងមាន​ផលប៉ះពាល់​អវិជ្ជមាន​ស​ម្រា​ប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ។ យើងខ្ញុំ​ក៏​យល់ថា ស្ថាប័ន​ទាំងនេះ​ក៏​នឹងមាន​ហានិភ័យ​បន្ថែមទៀត បន្ទាប់ពី​ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដែល​បាន​ប្រើ​ជា​ទ្រព្យ​ដាក់​ធានា​ជូនទៅ​ម្ចាស់ទ្រព្យ​វិញ ។ ទោះបីជា​យ៉ាងណាក៏ដោយ ហានិភ័យ​នេះ​ត្រូវបាន​អនុវត្ត​ជាទូទៅ​ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​ដទៃទៀត ដែល​កម្រ​ប្រើប្រាស់​ទ្រព្យ​ជា​មូលដ្ឋាន​ដូច​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ធ្វើជា​ទ្រព្យ​ធានា​កម្ចី​ខ្នាតតូច ។ លើសពីនេះ វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​គឺអាច​រកប្រាក់​ចំណេញ​បាន​ខ្ពស់ និង​មានលទ្ធភាព​ច្រើន​ខ្លាំង​ក្នុងការ​ទទួលបាន​ដើមទុន និង​ជំនួយ ច្រើនជាង​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​គ្រួសារ​គិត​ជា​មធ្យម ។ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដាក់​ប្រាក់​បញ្ញើ​ទាំង​៧ ដែល​កាន់កាប់​ភាគច្រើន​នៃ​កម្ចី​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​នៅ​កម្ពុជា គឺ​គ្រប់គ្រង​ដោយ​អង្គភាព​បរទេស ក្នុងនោះ​គ្រឹះស្ថាន​ខ្លះ​ជា​សាខា​នៃ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ធំជាងគេ​នៅលើ​ពិភពលោក និង​ខ្លះទៀត​ជា​ធនាគារ​អភិវឌ្ឍន៍​គ្រប់គ្រង​ដោយ​រដ្ឋ​នៅ​អឺរ៉ុប ។ ខណៈដែល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា បាន​អះអាង​ជា​យូរ​មកហើយ​ថា ធ្វើការ​វិនិយោគ​ដើម្បី​សុខុមាលភាព​របស់​ជន​ក្រីក្រ​និង​អ្នក​ងាយ​រងគ្រោះ វិបត្តិ​នេះ​ទាមទារ​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជួយ​សម្រាល​បន្ទុក​ឱ្យបាន​ឆាប់​ដល់​អ្នក​ខ្ចីប្រាក់ ។​

​យើងខ្ញុំ សូម​សំណូមពរ​ដោយ​ទទូច​ឱ្យ​រាជរដ្ឋាភិបាល និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ផ្ដល់​អាទិភាព​ដល់​សុខភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​អ្នក​ខ្ចីប្រាក់​ខាងលើនេះ ដោយ​ផ្អាក​ការសង​ប្រាក់កម្ចី​មីក្រូហិរញ្ញវត្ថុ និង​ការប្រាក់​សម្រាប់​រយៈពេល​យ៉ាងតិច​៣​ខែ ក៏ដូចជា​ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ម្ចាស់ទ្រព្យ​ដែលមាន​សិទ្ធិ​ពេញលេញ​វិញ ។​

​សូមបញ្ជាក់ថា ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ថ្ងៃទី​២០​ខែមេសា កន្លងទៅនេះ បានស្នើ​ដល់​គ្រប់​បណ្តាញ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ ផ្តល់​ការបន្ធូរបន្ថយ​កម្រៃ​សេវា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ឥណទាន និង​/​ឬ​លើកលែង​ការផាកពិន័យ​ផ្សេងៗ​ចំពោះ​អតិថិជន ចាប់ពី​ចេញ​កាលបរិច្ឆេទ​នេះ រហូតដល់​ដំណាច់​ខែធ្នូ ឆ្នាំ​២០២០​។​

​ការអំពាវនាវ​របស់​ធនាគារជាតិ​ដូច្នេះ​ធ្វើឡើង​បន្ទាប់ពី វីរុស​កូ​វីដ​១៩ បាន​បង្ក​ជា​វិបត្តិ​ធ្ងន់ធ្ងរ​ទៅដល់​ប្រជាពលរដ្ឋ ដែល​បាន​ខ្ចីប្រាក់​ពី​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ហើយ​មិនមាន​ប្រាក់ចំណូល​នៅ​អំឡុង​ពេលនេះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×