តាកែវ៖ តៃកុងឡានម្នាក់បាននិយាយថា ខ្លួនត្រូវបានប៉ូលិសផាកពិន័យយ៉ាងចាស់ដៃតែម្តង ដោយបើកបរគ្មានប័ណ្ណបើកបរ។ គាត់បាននិយាយរៀបរាប់ថា” ប្អូនបានទទួលស្គាល់ ក៏ប៉ុន្តែទំហំនៃការផាកពិន័យនេះ វាធ្ងន់ធ្ងរខ្លាំងណាស់សម្រាប់ប្អូន ដែលមានមុខរបរត្រឹមអ្នកស៊ីឈ្នួលរត់តាក់ស៊ីដឹកអីវ៉ាន់ឲ្យគេ ដែលត្រូវផាកពិន័យជាទឹកប្រាក់ដល់ទៅ ១លាន២សែនរៀល “។
ស្នងការនគរបាលខេត្តតាកែវ បានលើកឡើងថា ចំពោះការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ គឺជាការរឹតបន្តឹងទៅដល់អ្នកប្រើប្រាស់លើទ្រូងផ្លូវ ដើម្បីកាត់បន្ថយនៅអត្រាស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍។
ក្នុងពេលចុះត្រួតពិនិត្យមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកចុះរឹតបន្តឹងច្បាប់ថ្មីនៅតាមគោលដៅចំនួន ០៤ នៅតាមបណ្តាយផ្លូវជាតិលេខ ២ និងផ្លូវជាតិលេខ៣ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាក់ថា ការអនុវត្តនេះដែរ គឺធ្វើទៅដោយស្មើភាពគ្នា មិនដូចការលើកឡើងថា អនុវត្តន៍តែប្រជាពលរដ្ឋ រីឯមន្ត្រីរាជការ ឬអ្នកធំ មិនព្រមអនុវត្តនោះទេ នៅថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២០នេះ ឲ្យតែអ្នកប្រើប្រាស់លើទ្រូងផ្លូវ ហើយល្មើសច្បាប់ មិនមានប័ណ្ណបើកបរ គ្មានការត្រួតពិនិត្យឆៀកច្បាស់លាស់ មិនពាក់ខ្សែក្រវាត់ ម៉ូតូមិនមានផ្លាកលេខ គ្មានកញ្ចក់មើលក្រោយ ឬមិនពាក់មួកសុវត្ថិភាព-ល- គឺត្រូវផាកពិន័យដោយសរសេរចូលក្នុងវិក្កយបត្របង់ប្រាក់ទាំងអស់ ដោយមិនគិតថា ប្រជាពលរដ្ឋ ឬមន្ត្រីរាជការ អ្នកតូចអ្នកធំឡើយ ។
ប្អូនប្រុសម្នាក់ បើករថយន្តសាំយ៉ុង រងការផាកពិន័យ ពេលបើកបររថយន្តស៊ីឈ្នួលដឹកអីវ៉ាន់ឲ្យគេ ។ តៃកុងឡានរូបនោះ ត្រូវបានប៉ូលិសផាកពិន័យដោយបើកបរគ្មានប័ណ្ណបើកបរ បាននិយាយរៀបរាប់ថា ការអនុវត្តច្បាប់ចរាចរណ៍នេះ គឺត្រឹមត្រូវទៅតាមច្បាប់ ដែលដាក់ចេញមកសម្រាប់ឲ្យពលរដ្ឋគ្រប់រូប គោរពនិងធ្វើតាមដើម្បីកាត់បន្ថយ នៅអាត្រាគ្រោះថ្នាក់ចរាចរណ៍ ប្អូនបានទទួលស្គាល់ ក៏ប៉ុន្តែទំហំនៃការផាកពិន័យនេះ វាធ្ងន់ធ្ងរខ្លាំងណាស់សម្រាប់ប្អូន ដែលមានមុខរបរត្រឹមអ្នកស៊ីឈ្នួលរត់តាក់ស៊ីដឹកអីវ៉ាន់ឲ្យគេ ដែលត្រូវផាកពិន័យជាទឹកប្រាក់ដល់ទៅ ១លាន២សែនរៀល ៕ដោយ៖ តាកែវ