ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បាននិយាយ នៅថ្ងៃព្រហស្បតិ៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដ៏ស្វិតស្វាញ របស់លោកជាមួយនឹងចិន ឥឡូវនេះមិនសូវសំខាន់ ដូចរឿងផ្ទុះវីរុសកូរ៉ូណាឡើយ ហើយលោកបានព្រមានកំណត់ពន្ធថ្មីលើប៉េកាំង ខណៈដែលរដ្ឋបាលរបស់លោក កំពុងពិភាក្សាពីវិធានការសងសឹកលើបញ្ហាវីរុស។
វោហារសព្ទដ៏ខ្លាំងៗរបស់ត្រាំ ប្រឆាំងនឹងចិនបានឆ្លុះបញ្ជាំងឲ្យឃើញថា លោកកំពុងមានភាពតានតឹងយ៉ាងខ្លាំង លើបញ្ហាវីរុសកូរ៉ូណា ដែលបានឆក់យកជីវិត ពលរដ្ឋអាមេរិចកាំងជាង ៦០.០០០នាក់។ វាបានបំផ្លាញសេដ្ឋកិច្ចអាមេរិច ព្រមទាំងគំរាមកំហែង ដល់ឱកាសសម្រាប់ការបោះឆ្នោតឡើងវិញ នៅខែវិច្ឆិកាខាងមុខ។
មន្ត្រីអាមេរិច ២រូបដែលថ្លែងសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ជម្រើសជាច្រើនប្រឆាំង នឹងចិនកំពុងតែស្ថិតក្រោយការពិភាក្សា ប៉ុន្តែពួកគេព្រមានថា កិច្ចប្រឹងប្រឹងនោះកំពុង ស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ។ អនុសាសន៍នានា មិនទាន់បានទៅដល់ក្រុមសន្តិសុខជាតិជាន់ខ្ពស់ របស់លោកត្រាំ ឬទៅដល់ប្រធានាធិបតីនៅឡើយទេ។
ប្រភពមួយបញ្ជាក់ថា “មានការពិភាក្សារកវិធីថា តើត្រូវវាយបកចិនឲ្យខ្លាំងបែបណា”។
ទោះយ៉ាងណា លោកដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា ក្តីកង្វល់របស់គាត់អំពីតួនាទីរបស់ចិននៅក្នុងប្រភព និងការផ្ទុះរាតត្បាត នៃវីរុសកូរ៉ូណា គឺជារឿងអាទិភាព ឥឡូវនេះ ហើយវាសំខាន់ជាងរឿងកិច្ចព្រមព្រៀងពាណិជ្ជកម្ម របស់លោកជាមួយនឹងទីក្រុងប៉េកាំង។
លោកលើកឡើងថា “ពួកយើងបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលពួកគេបានកំណត់ថា នឹងទិញទំនិញពីយើង ហើយពួកគេបានទិញច្រើន ពីយើងពិតប្រាកដណាស់។ ប៉ុន្តែឥឡូវនេះ វាក្លាយទៅជារឿងសំខាន់បន្ទាប់បន្សំ បន្ទាប់ពីរឿងផ្ទុះវីរុស”
លោកថ្លែងប្រាប់អ្នកសារព័ត៌មានទៀតថា “ស្ថានភាពវីរុស គឺជារឿងមិនអាចទទួលយកបាន”។
សូមបញ្ជាក់ថា វីរុសកូរ៉ូណា ត្រូវបានគេជឿជាក់ថា បានផ្ទុះចេញពីផ្សារសើម ក្នុងទីក្រុងវូហាន ប្រទេសចិនកាលពីឆ្នាំមុន។ រហូតមកដល់ពេលនេះ វីរុសដ៏កាចសាហាវនេះ បានឆក់យកជីវិតមនុស្សច្រើនជាង ២១៧.០០០នាក់ និងឆ្លងទៅកាន់មនុស្សជាង ៣.១១០.០០០នាក់ជុំវិញពិភពលោក៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia