ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ម៉ូតូ ដែលមានកម្លាំងសេះ ចាប់ពី១២៥សេសេ ចុះក្រោម មិនចាំបាច់តម្រូវឲ្យមានប័ណ្ណបើកបរប្រភេទ ក ទេ តែបងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ម៉ូតូដែលមានកម្លាំងសេះលើសពី១២៥សេសេ គឺត្រូវតែមានប័ណ្ណបើកបរប្រភេទ ក ទើបអាចបើកបរបាន។
បងប្អូនប្រជាពលរដ្ឋអាចប្តូរ និងពន្យារ នៅមណ្ឌលផ្តល់ប័ណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ ធ្វើការរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ម៉ោង ១០:០០យប់។
បងប្អូនប្រជាពលរដ្ឋត្រូវមានឯកសារដូចជា៖ *១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។ *២. លិខិតបញ្ជាក់កាយសម្បទា (អាចធ្វើនៅទីតាំងផ្ទាល់)។ *៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់)។ *៤. ពាក្យបណ្តឹងបាត់ប័ណ្ណបើកបរ បញ្ជាក់ពីប៉ុស្តិ៍រដ្ឋបាល (ក្នុងករណីបាត់ប័ណ្ណបើកបរ)។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋចង់ប្រឡងយកប័ណ្ណបើកបរត្រូវមានឯកសារដូចរៀបរាប់ខាងលើ (*១ *២ *៣) និងលិខិតបញ្ជាក់ការសិក្សា ពីសាលាង្រៀនបើកបរសម្រាប់ប័ណ្ណប្រភេទ គ ឃ និង ង ។
យោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា អ្នកបើកបររថយន្ត ទោចក្រយានយន្ត និងត្រីចក្រយានយន្តដែលកំណត់ដោយច្បាប់ ត្រូវមានប័ណ្ណបើកបរ (មានសុពលភាព) ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច នៃព្រះរាជាណាចក្រកម្ពុជា។
បច្ចុប្បន្ននេះ លោកអ្នកអាចដាក់ពាក្យស្នើសុំប្រឡងយកប័ណ្ណបើកបរ និងប្តូរប័ណ្ណ បើកបរតាមប្រព័ន្ធស្វ័យប្រវត្តិកម្មផ្តល់ប័ណ្ណបើកបរយានយន្ត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានអាសយដ្ឋាន https://driverlicense.mpwt.gov.kh ឬទៅទីតាំងផ្តល់សេវាសាធារណៈ ដែលកំណត់ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដូចជា នៅផ្សារទំនើបអ៊ីអន១ ផ្សារទំនើបអ៊ីអន២ និងនៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត ទូទាំងប្រទេស។ ចំពោះ ប័ណ្ណបើកបរប្រភេទ ក និងប្រភេទ ខ លោកអ្នកអាចដាក់ពាក្យស្នើសុំប្រឡងតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយឡែកចំពោះប័ណ្ណបើកបរចាប់ពីប្រភេទ គ ឡើងទៅលោកអ្នកតម្រូវឱ្យទៅរៀននៅសាលាបង្រៀនបើកបរ ដើម្បីទទួលបានវិញ្ញាបនបត្រ ទទួលស្គាល់ការបើកបរទើបមានសិទ្ធិដាក់ពាក្យស្នើសុំប្រឡងយកប័ណ្ណបើកបរបាន។
តម្លៃសេវាប្រឡងយកប័ណ្ណបើកបរ: ប្រភេទ ក “ម៉ូតូ” តម្លៃ៣០ ០០០ រៀល។ ប្រភេទ ខ “រថយន្តទេសចរណ៍/គ្រួសារ”តម្លៃ ៩០០០០ រៀល។ ប្រភេទ គ និង ឃ តម្លៃ ៩៥ ០០០ រៀល។ និងប្រភេទ ង តម្លៃ១០០ ០០០ រៀល។
សម្រាប់ការប្តូរ ពន្យារ ទុតិយតា និងតតិយតាប័ណ្ណបើកបរប្រភេទ ក មានតម្លៃ ៣០០០០ រៀល និងប្រភេទ ខ គ ឃ និង ង មានតម្លៃ ៣០០០០ រៀល៕ដោយ៖កូឡាប