បំណែកថ្មមួយដុំរបស់ព្រះចន្ទដែលមានទម្ងន់ ១៣,៥គីឡូក្រាម ត្រូវបានគេដាក់លក់ក្នុតម្លៃជិត ៣លានដុល្លានៅកន្លែងដេញថ្លៃឈ្មោះ Christie។ អាចម៍ផ្កាយព្រះចន្ទនោះ មានទំហំធំជាងថ្មដែលក្រុមអវកាសយានិក Apollo បានយកមកផែនដី។
អាចផ្កាយព្រះចន្ទដែលមានឈ្មោះថា NWA 12691 បានធ្លាក់ចុះមកផែនដីតាមបាតុភូត ហើយត្រូវបានគេប្រទះឃើញកាលពី ២ឆ្នាំមុននៅវាលខ្សាច់សាហារ៉ា។ នេះបើតាមសេចក្តីប្រកាសរបស់កន្លែងដេញថ្លៃនោះ។
Christie និយាយថា តម្លៃលក់គឺ ២,៥លានដុល្លារ។ វាគឺជាតម្លៃឯកជន មិនមែនតម្លៃដេញថ្លៃនោះឡើយ។ អ្នកដែលមានលុយអាចទិញវាយកបានភ្លាម។
អាចម៍ផ្កាយព្រះចន្ទនោះមានទម្ងន់ ១៣,៥គីឡូក្រាម ហើយវាគឺជាបំណែកធំបំផុតទី ៥របស់ព្រះចន្ទ ដែលត្រូវបានរកឃើញនៅលើផែនដី។
បំណែកថ្មនោះ ប្រហែលជាត្រូវធ្លាក់ចេញពីផ្ទៃព្រះចន្ទដោយសារការប៉ះទង្គិចគ្នា ជាមួយនឹងផ្កាយដុះកន្ទុយ ឬក៏ផ្កាយព្រះគ្រោះ។ បន្ទាប់មកវាបានធ្វើដំណើរក្នុងរយៈចំងាយយ៉ាងតិច ៣៨៤.០០០គីឡូម៉ែត្រក្នុងលំហអាកាស មុនពេលវាធ្លាក់មកកាន់ផែនដី ក្នុងសភាពជាអាចផ្កាយ។
កន្លែងដេញថ្លៃនោះនិយាយថា អាចម៍ផ្កាយព្រះចន្ទគឺជាវត្ថុដ៏កម្រ ហើយអាចម៏ព្រះចន្ទមានត្រឹមតែ ៦៥០គីឡូក្រាមប៉ុណ្ណោះ ដែលត្រូវគេដឹងថាមាននៅលើផែនដី។
សូមបញ្ជាក់ថា កាលពីឆ្នាំ ១៩៧២ អាកាសយានិក Apollo 16 បានយកសំណាកនៅលើព្រះចន្ទឈ្មោះ “Big Muley” ត្រឡប់មកកាន់ផែនដីវិញ។ សំណាកនោះមានទម្ងន់ជិត ១២គីឡូក្រាម៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN