ភ្នំពេញ៖ នាឱកាសនៃទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ក្លិបអ្នកកាសែតកម្ពុជាសូមចូលរួមអបអរទិវា ដ៏មានតម្លៃ សម្រាប់អ្នកសារព័ត៌មានខ្មែរ និងពិភពលោក ជាពិសេសក្នុងបរិបទនៃការឆ្លងរាតត្បាតនៃនៃជំងឺកូវីដ-១៩ ដែលអ្នកកាសែត ក៏កំពុងប្រឈមខ្លាំង នៅក្នុងបេសកកម្មការងាររបស់ពួកគេ។ ក្លិបអ្នកកាសែតកម្ពុជា សង្កេតឃើញដែរថា កង្វះខាតក្រមសីលធម៌ វិជ្ជាជីវៈរបស់អ្នកប្រកបអាជីពសារព័ត៌មានមួយចំនួន នៅតែជាចំណោទដ៏ធំមួយ ដែលបង្កផលប៉ះពាល់ ដល់តម្លៃសារព័ត៌មាននៅកម្ពុជា ក៏ដូចជាប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។
បើតាមសេចក្តីថ្លែងការណ៍របស់ក្លិបអ្នកកាសែតកម្ពុជា ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ក្លិបអ្នកកាសែតកម្ពុជា សូមចូលរួមអបអរសាទរទិវាសេរីភាពសារព័ត៌មាន ៣ ឧសភា ជាមួយអ្នកសារព័ត៌មាន នៅជុំវិញពិភពលោកដើម្បីគាំទ្រ និងលើកស្ទួយសេរីភាពសារព័ត៌មាន ដែលជាសេរីភាព ដ៏សំខាន់មិនអាចខ្វះបាន ក្នុងសង្គមប្រជាធិបតេយ្យ។
ក្លិបអ្នកកាសែតកម្ពុជា សូមសម្តែងការកោតសរសើរ ចំពោះអ្នកសារព័ត៌មានទាំងអស់ ដែលបានបំពេញការងារយ៉ាងសកម្ម ដើម្បីបម្រើប្រជាពលរដ្ឋ និងសង្គមជាតិ ទោះបីជាក្នុងកាលៈទេសៈដ៏លំបាក នៃការរាតត្បាតរបស់ជំងឺ Covid-19 ក៏ដោយ ក៏អ្នកសារព័ត៌មាន នៅតែពុះពារគ្រប់បែបយ៉ាង ដោយជម្នះគ្រប់ឧបសគ្គ ក្នុងបុព្វហេតុរាយការណ៍ព័ត៌មានពិត ជូនប្រជាពលរដ្ឋ។ ក្លិបអ្នកកាសែតកម្ពុជាសង្កេតឃើញថា សារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ព័ត៌មានពិត ក៏ដូចជាជួយផ្សព្វផ្សាយសារអប់រំនានាស្តីពី Covid-19 ជូនដល់ប្រជាពលរដ្ឋ។
ក្លិបអ្នកកាសែតកម្ពុជា សូមកោតសរសើរ ដល់ក្រសួងសុខាភិបាល និងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបានបង្កលក្ខណៈងាយស្រួល ដល់អ្នកសារព័ត៌មាន ក្នុងការទទួលបានព័ត៌មាន កាន់តែទូលំទូលាយ តាមរយៈការចេញសេចក្តីប្រកាសព័ត៌មាន ជារៀងរាល់ថ្ងៃ និងការរៀបចំសន្និសីទកាសែតជាទៀងទាត់ រៀងរាល់សប្តាហ៍ ដើម្បីបង្ហាញពីបច្ចុប្បន្នភាពនៃ Covid-19 ក៏ដូចជាបង្ហាញពីការវិវឌ្ឍថ្មីៗ របស់ក្រសួង ឬស្ថាប័ននីមួយៗ ឲ្យអ្នកសារព័ត៌មានក៏ដូចជា ប្រជាពលរដ្ឋទូទៅបានជ្រាប។ លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានធ្វើសន្និសីទកាសែត ដោយផ្ទាល់ជាច្រើនលើក ដើម្បីផ្តល់ព័ត៌មាន ដល់ពលរដ្ឋអំពីកិច្ចការរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជាមួយ Covid-19 និងដោយបើកឲ្យអ្នកសារព័ត៌មាន ចោទសំណួរដោយសេរី។ ក្លិបអ្នកកាសែតកម្ពុជាយល់ឃើញថា នេះជាសញ្ញាវិជ្ជមានដ៏គួរឲ្យលើកទឹកចិត្ត ដែលបានបើកលំហរសេរីភាពសារព័ត៌មាន នៅកម្ពុជាឲ្យកាន់តែទូលំទូលាយថែមទៀត។
ក្លិបអ្នកកាសែតកម្ពុជា សង្កេតឃើញដោយមោទនភាពថា វិស័យសារព័ត៌មាននៅកម្ពុជា បាននិងកំពុងរីកដុះដាល គួរឲ្យកត់សម្គាល់ ទាំងសារព័ត៌មានបែបប្រពៃណី ( កាសែត វិទ្យុ និងទូរទស្សន៍) និងសារព័ត៌មានបែបថ្មី ( អនឡាញ) ដែលបានផ្តល់ជម្រើសកាន់តែងាយស្រួល និងសម្បូរបែបដល់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនោះ ក្លិបអ្នកកាសែតកម្ពុជា ក៏សង្កេតឃើញដែរថា កង្វះខាតក្រមសីលធម៌ វិជ្ជាជីវៈរបស់អ្នកប្រកបអាជីពសារព័ត៌មានមួយចំនួន នៅតែជាចំណោទដ៏ធំមួយ ដែលបង្កផលប៉ះពាល់ ដល់តម្លៃសារព័ត៌មាននៅកម្ពុជា ក៏ដូចជាប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។ ស្របពេលជាមួយគ្នានោះ ចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធមកលើអ្នកសារព័ត៌មាន ដែលរងការចោទថា បានប្រព្រឹត្តខុសវិជ្ជាជីវៈ នោះពេលខ្លះនៅមិនទាន់សមស្របតាមច្បាប់ ស្តីពីរបបសារព័ត៌មាននៅឡើយ។
ក្នុងន័យនេះ ក្លិបអ្នកកាសែតកម្ពុជា សូមអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ត្រូវរួមគ្នាការពារ និងលើកស្ទួយសេរីភាពសារព័ត៌មាននៅកម្ពុជា តាមរយៈការគោរព ឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ ដែលជាតម្លៃមិនអាចខ្វះបាន របស់អ្នកសារព័ត៌មាន និងត្រូវរួមគ្នាការពារវិជ្ជាជីវៈរបស់ខ្លួនពីការបំពារបំពានគ្រប់រូបភាព។ ទន្ទឹមនឹងនេះ ក្លិបអ្នកកាសែតកម្ពុជាក៏សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច តុលាការ ក៏ដូចជាភាគីពាក់ព័ន្ធផ្សេងទៀត សូមគោរពនិងផ្តល់តម្លៃដល់អ្នកសារព័ត៌មាន និងសូមរួមគ្នាអនុវត្តន៍ច្បាប់ស្តីពីរបបសារព័ត៌មានឲ្យមានប្រសិទ្ធភាព។
ក្លិបអ្នកកាសែតកម្ពុជា សូមជូនពរដល់អ្នកសារព័ត៌មានទាំងអស់ សូមរីករាយទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា និងសូមទទួលបានជោគជ័យក្នុងបេសកកម្មស្វែងរកព័ត៌មានពិតជូនប្រជាពលរដ្ឋ ជាពិសេសសូមរួចផុតពីជំងឺ Covid-19 ៕ដោយ កូឡាប