ក្មេងប្រុសជនជាតិគុយបាម្នាក់ ដែលបានធ្វើដំណើរទៅអាមេរិចដើម្បីយកដុំសាច់ដុះលើផ្ទៃមុខចេញ បានស្លាប់ហើយ ក្រោយពេលទទួលការវះកាត់។
កុមារនោះមានឈ្មោះ Emanuel Zayas អាយុ ១៤ឆ្នាំ។ គាត់បានធ្វើដំណើរទៅរដ្ឋ Florida កាលពីខែវិច្ឆការឆ្នាំមុន ដើម្បីទទួលការវះកាត់យកចេញដុំសាច់ដុះលើផ្ទៃមុខទំងន់ ៤,៥គីឡូក្រាម។
ដុំសាច់ដ៏ធំបានដុះលើផ្ទៃមុខរបស់គាត់ ធ្វើឲ្យគាត់មានបញ្ហាពិបាកដកដង្ហើម ដោយសារតែវាគំរាមកំហែងដល់បំពង់ខ្យល់។
ការវះកាត់ប្រើរយៈពេលអស់ ១២ម៉ោង ហើយបើតាមការរាយការណ៏របស់សារព័ត៌មានប្រចាំតំបន់បានបញ្ជាក់ថា ការវះកាត់លើកុមារនោះ បានបង្ហាញសញ្ញាថា គាត់នឹងអាចជាសះស្បើយវិញ។
ប៉ុន្តែបើតាមការផ្សាយរបស់ទូរទស្សន៏ CTV បានបញ្ជាក់ថា អាការៈរបស់កុមារ Emanuel Zayas កាន់តែធ្ងន់ធ្ងរទៅៗ កាលពីចុងសប្តាហ៍ ហើយវិវត្តទៅជាមានបញ្ហាក្រលៀន និងសួត។
គ្រួសាររបស់កុមារដដែលបានបរិច្ចាកសាកសព សំរាប់ជាការពិសោធន៏ផ្នែកវិទ្យាសាស្ត្រ ដើម្បីសិក្សាបន្ថែមពីបញ្ហាជំងឺដុះសាច់នោះ៕ សុភ័ក្ត្រ