ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់នៅថ្ងៃអង្គារនេះថា ខ្លួនកំពុងរងចាំការឆ្លើយតបនៅឡើយ ពីប្រទេសកូរ៉េខាងជើងជុំវិញគំរោងពិភាក្សាផ្នែកយោធារវាងប្រទេសទាំងពីរ ក្នុងគោលបំណងលុបបំបាត់ភាពតានតឹង ឲ្យបានមុនពេលការប្រកួតកីឡាអូឡាំពិក។
អ្នកនាំពាក្យក្រសួងការពារជាតិ Choi Hyun-soo បញ្ជាក់ប្រាប់សារព៌តមានដូច្នេះថា “ពួកយើងបន្តរង់ចាំការឆ្លើយតបពីំសំណាក់កូរ៉េខាងជើង ហើយពួកយើងនឹងប្រាប់លំអិតនៅពេលកិច្ចពិភាក្សាចាប់ផ្តើម”។
កាលពីខែកក្កដា ឆ្នាំមុន ប្រទេសកូរ៉េខាងត្បូងបានស្នើឲ្យមានការបន្តកិច្ចពិភាក្សាជាមួយនឹងកូរ៉េខាងជើង ហើយកាលពីដើមខែនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាលើគំរោងនោះ ក្រោយពេលពួកគេបានធ្វើកិច្ចប្រជុំកំរិតខ្ពស់លើកដំបូង ដែលសម្រេចបានលទ្ធផលជាច្រើន រួមមានការចូលរួមរបស់កូរ៉េខាងជើងក្នុងកីឡាអូឡាំពិកខែក្រោយនេះ៕ សុភ័ក្ត្រ