ភ្នំពេញ៖ នៅថ្ងៃ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពស២៥៦៣ ដែលត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០នេះ គឺជាថ្ងៃបុណ្យវិសាខបូជា ដែលជាថ្ងៃសីលផងដែរ។ មិនថាតែនៅកម្ពុជាទេ គឺនៅថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោក ក៏បាននាំគ្នាប្រារព្ធពិធីបុណ្យសាសនា ដ៏សំខាន់ខាងលើនេះផងដែរ។ នេះបើតាមការផ្សាយព័ត៌មានលើផេកហ្វេសប៊ុកសម្តេចនាយករដ្ឋមន្ត្រី។
បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។
នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិ ដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។
សូមជូនពរបងប្អូនជនរួមជាតិ ព្រមទាំងពុទ្ឋបរិស័ទទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយសូមបានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកការងារនេះផងដែរ។
បុណ្យពិសាខបូជា គឺជាបុណ្យដ៏ធំនិងសំខាន់បំផុតមួយក្នុងចំណោមបុណ្យដ៏សំខាន់ៗក្នុងពុទ្ធសាសនា ធ្វើនៅថ្ងៃទី ១៥ កើត ខែពិសាខ ដែលឆ្នាំនេះ ត្រូវនឹងថ្ងៃទី០៦ ខែ ឧសភានេះ។
ពិសាខបូជា គឺជាបុណ្យប្រពៃណីរបស់ពុទ្ធសាសនិក មិនមែនជាបុណ្យក្នុងបញ្ញត្តិ ពោលគឺជាបុណ្យដែលពុទ្ធបរិស័ទតាក់តែងឡើងដោយសារទឹកចិត្តសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ហើយពុំមានជាការបញ្ញត្តិ ឬកំណត់ដោយព្រះពុទ្ធឱ្យធ្វើពិធីបុណ្យពិសាខបូជានេះឡើយ ។
បុណ្យពិសាខបូជា បានសេចក្តីថា ជាពិធីបុណ្យដែលគេធ្វើឡើងសម្រាប់គោរពបូជា ឬសម្រាប់រំលឹកដល់ព្រឹត្តិការណ៍ដ៏សំខាន់ៗដែលកើតមានឡើងនៅក្នងខែពិសាខក្នុងនោះរួមមាន៖
១-កាលដែល ព្រះសិទ្ធត្ថ ( ព្រះពុទ្ធ) ទ្រង់ប្រសូត (កើត) នៅ៨០ឆ្នាំមុនពុទ្ធសករាជ នាលុម្ពិនីឧទ្យាន ក្រោមដើមសាលព្រឹក្ស នៅថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំ ច ។
២-ក្រោយពី ព្រះសិទ្ធត្ថរាជា ទ្រង់សាងព្រះផ្នួស អស់៦ឆ្នាំ ទ្រង់បានត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណក្រោមដើមពោធិព្រឹក្ស ក្បែរស្ទឹងនេរញ្ជរា នៅថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរកា មុនពុទ្ធសករាជ៤៥ឆ្នាំ។
៣-ព្រះពុទ្ធទ្រង់ចូលបរិព្វានក្រោមសាលព្រឹក្សទាំងគូ ដោយអនុបាទិសេសនិព្វានក្នុងនគរកុសិនារា នាថ្ងៃ ១៥ កើត ខែពិសាខ ឆ្នាំ ម្សាញ់ មួយថ្ងៃមុនពុទ្ធសករាជ ៕ ដោយ៖កូឡាប