Monday, October 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ​កម្ពុជា មាន​ព្រះរាជបន្ទូល​ថា ទំនាក់ទំនង​កម្ពុជា – ចិន នឹង​ត្រូវបាន​ពង្រឹង​បន្ថែមទៀត ហើយ​មិត្តភាព​ប្រជាជន នឹង​បន្ត​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​

​ទីក្រុង​ប៉េកាំង ៖ នា​វេលា​ល្ងាច​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២០ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេច​សព្វព្រះរាជហឫទ័យ​ទទួល​ព្រះរាជ​សវន​ការ​ជាមួយ ឯកឧត្តម Wang Yi ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក Royal du Cambodge is in Beijing, China នៅ​ថ្ងៃទី​៩​ខែឧសភា​ឆ្នាំ​២០២០​។​

​ស្ថិតក្នុង​ព្រះរាជ​សវន​ការ​ដ៏​វិសេសវិសាល​នោះ ឯកឧត្តម Wang Yi បាន​ពាំ​នាំមក​នូវ​ការសួរសុខទុក្ខ​យ៉ាង​កក់ក្តៅ​ពី​សំណាក់ ឯកឧត្តម​ប្រធានាធិបតី Xi JinPing និង​លោកជំទាវ ថ្វាយ ព្រះករុណា ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី ព្រះ​វ​រាជមាតា​ជាតិខ្មែរ ។ ឯកឧត្តម Wang Yi បាន​មានប្រសាសន៍ថា​មិត្តភាព​ចិន – កម្ពុជា គឺជា​មិត្តភាព​ដែល​មិនអាច​បំបែក​បាន និង​បាន​ទប់ទល់​ទៅនឹង​ការសាកល្បង នៃ​ការផ្លាស់ប្តូរ​អន្តរជាតិ ហើយ​វា​អាច​ត្រូវបាន​គេ​ហៅថា​ជា​គំរូ នៃ​ការផ្លាស់ប្តូរ​រវាង​ប្រទេស​និង​រដ្ឋ​។ ព្រះករុណា ព្រះមហាក្សត្រ បានទទួល​មរតក​ជា​ប្រពៃណី​ដ៏​មានតម្លៃ នៃ​សម្តេចព្រះ នរោត្តម សីហនុ ជាមួយ​ប្រទេស​ចិន និង​បាន​ចូលរួមចំណែក​យ៉ាងសំខាន់ៗ ក្នុងការ​លើកកម្ពស់​ចំណងមិត្តភាព​កម្ពុជា – ចិន ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​។
​ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ការបង្កើត​ភាព ជា​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ភាគី​ទាំងពីរ​កំពុង​ខិតខំ​ប្រឹងប្រែង​លើកកម្ពស់ ការកសាង​សហគមន៍ នៃ​វាសនា​រួមគ្នា និង​ឈានទៅរក​យុគសម័យ​ថ្មី​នៃ​ការអភិវឌ្ឍន៍​រួម និង​វិបុលភាព​រួមគ្នា​រវាង​ចិន​និង​កម្ពុជា​។

​ឯកឧត្តម Wang Yi បាន​បន្តទៀតថា បន្ទាប់ពី​មានការ​ផ្ទុះឡើង​នៃ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី ( COVID-19 ) ក្រោម​ការបញ្ជា​ផ្ទាល់​របស់ ឯកឧត្តម​ប្រធានាធិបតី Xi JinPing រដ្ឋាភិបាល​ចិន បានចាត់ទុក​ជីវិត​ប្រជាជន សុខភាព និង​សុវត្ថិភាព ជា​អាទិភាព​ហើយ​បាន​យក​អំណាច​របស់​ប្រទេស​ចិន​ចាត់វិធានការ​ការពារ និង​ត្រួតពិនិត្យ​ឱ្យបាន​ហ្មត់ចត់​បំផុត រហូត​ទទួលបាន​ជោគជ័យ ក្នុងការ​គ្រប់គ្រង​ការរីក​រាលដាល​ប្រកបដោយ​ប្រសិទ្ធភាព​។ ភាគី​ចិន​មាន​សេចក្តី​រីករាយ​ដោយ​ឃើញថា ក្រោម​ម្លប់​បារមី​របស់ ព្រះករុណា ព្រះមហាក្សត្រ និង​ក្រោម​ការដឹកនាំ​របស់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រទេស​កម្ពុជា​ក៏មាន​ការ​ជឿនលឿន​ទៅមុខ គួរឱ្យកត់សម្គាល់ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាត COVID-19​។

​ឯកឧត្តម Wang Yi ជឿជាក់ថា ប្រជាជន​កម្ពុជា​នឹង​ជៀសផុត ពី​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​។ ទន្ទឹមនឹងនេះ​ទាំង​ចិន និង​កម្ពុជា នៅតែ​ប្រឈម​នឹង​ហានិភ័យ និង​បញ្ហា​ប្រឈម​នៃ​ការ​ងើប​ឡើងវិញ​នៃ​ជំងឺ​នេះ ចំពោះ​ប្រជាជន​ក្នុងស្រុក និង​ការនាំ​ចូល​ពី​ខាងក្រៅ​។ ភាគី​ទាំងពីរ គួរតែ​ពង្រឹង​ថែមទៀត​នូវ​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ ព្រមទាំង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ក្នុង​ការការពារ និង​គ្រប់គ្រង ហើយ​ស្ដារឡើងវិញ​នូវ​ជីវិត​សេដ្ឋកិច្ច និង​សង្គម ក្នុង​ខណៈពេលដែល​ប្រកាន់ខ្ជាប់​នូវ​ការការពារ​និង​ការត្រួតពិនិត្យ ចំពោះ​ការរីក​រាលដាល​នៃ​ជំងឺ COVID-19 ។​

​ឯកឧត្តម Wang Yi បាន​មានប្រសាសន៍​បន្តទៀតថា នៅពេល​ដ៏​សំខាន់​ក្នុងការ​ប្រយុទ្ធប្រឆាំង នឹង​រោគរាតត្បាត​របស់​ប្រទេស​ចិន ប្រទេស​កម្ពុជា បានផ្តល់​ការគាំទ្រ​យ៉ាងរឹងមាំ​ជូន​ដល់​ប្រទេស​ចិន​។ ព្រះករុណា ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ បាន​សម្តែង​សមាន​ទុក្ខ​ចំពោះ ឯកឧត្តម​ប្រធានាធិបតី Xi JinPing និង​បាន​ផ្តល់ជំនួយ​ជា​សាច់ប្រាក់​។ ក្នុងខណៈ​ពេលដែល ព្រះករុណា ព្រះមហាក្សត្រ ទ្រង់​គង់ប្រថាប់​ពិនិត្យ​ព្រះរាជសុខភាព នៅ​រដ្ឋធានី ប៉េកាំង ព្រះអង្គ​បាន​សព្វព្រះរាជហឫទ័យ​បង្ហូតទង់​ព្រះមហាក្សត្រ​ត្រឹម​ពាក់កណ្តាល​ដង នៅមុខ​ព្រះរាជដំណាក់ ដើម្បី​កាន់ទុក្ខ​ដល់​អ្នកស្លាប់​ដោយសារ​ជំងឺ COVID-19​។ ចំណែកឯ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះអង្គ​បាន​ប្រារព្ធ​ពិធី​តាមបែប​ព្រះពុទ្ធសាសនា​នៅ​ព្រះបរមរាជវាំង​នៃ​ប្រទេស​កម្ពុជា ដើម្បី​បួងសួង​ដល់​ប្រជាជន​ចិន​។ ដំណើរ​ទស្សនកិច្ច​រប​ស់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ទៅកាន់​ប្រទេស​ចិន​ក៏បាន​សម្តែង​ការគាំទ្រ​យ៉ាងខ្លាំង​។ ភាគី​ចិន និង​ចងចាំ​ជានិច្ច​នូវ​ចំណុច​នេះ​។ បន្ទាប់ពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ COVID-19 ក្នុងប្រទេស​កម្ពុជា ប្រទេស​ចិន ក៏មាន​អារម្មណ៍​ដូចគ្នា ហើយ​បាន​បញ្ជូន​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ប្រឆាំងនឹង​ការ​រាតត្បាត របស់​រដ្ឋាភិបាល និង​ក្រុម​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​យោធា​ដំបូង​គេ របស់​ពិភពលោក​មក​ប្រទេស​កម្ពុជា ហើយ​បាន​ផ្តល់ឱ្យ​កម្ពុជា​នូវ​សម្ភារ​ប្រឆាំងនឹង​ការ​រាតត្បាត​ជាបន្ទាន់​ផងដែរ​។ អ្វីៗ​ទាំងនេះ​តំណាងឱ្យ​ប្រពៃណី​មិត្តភាព នៃ​ការគាំទ្រ​និង​ជួយ​គ្នា​ទៅវិញទៅមក​រវាង​ចិន​និង​កម្ពុជា​។​

​ព្រះករុណា ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន ការសួរសុខទុក្ខ​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ ឯកឧត្តម​ប្រធានាធិបតី Xi JinPing និង​លោកជំទាវ ។ ព្រះអង្គ ស្តេច​មាន​ព្រះរាជឱង្ការ​ថា ខ្ញុំ​នឹង​បន្ត​ទៅមុខ​តាមផ្លូវ​ចំណងមិត្តភាព​កម្ពុជា – ចិន ដែល​បាន​កសាង​ដោយ សម្តេចព្រះ នរោត្តម សីហនុ និង​ថ្នាក់ដឹកនាំ​គ្រប់​ជំនាន់​នៃ​ប្រទេស​ចិន បន្ត​មរតក និង​អភិវឌ្ឍ​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ ដើម្បី​ផ្តល់​ផលប្រយោជន៍​កាន់តែ​ប្រសើរ​ថែមទៀត ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។ ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា ទំនាក់ទំនង​កម្ពុជា – ចិន នឹង​ត្រូវបាន​ពង្រឹង​បន្ថែមទៀត ហើយ​មិត្តភាព​ប្រជាជន​នឹង​បន្ត​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​ផងដែរ​។​

​ព្រះករុណា ព្រះមហាក្សត្រ បាន​អបអរសាទរ​ប្រទេស​ចិន ចំពោះ​សមិទ្ធផល​សំខាន់ៗ​ដែល​សម្រេចបាន ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​រាតត្បាត​នៃ​ជំងឺ COVID-19 ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ ឯកឧត្តម​ប្រធានាធិបតី Xi JinPing និង​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ទស្សនវិជ្ជា​អភិបាលកិច្ច ដែល​ផ្តោតលើ​ប្រជាជន​របស់​ប្រទេស​ចិន និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​ចិន ដែល​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​។ ភាគី​កម្ពុជា មាន​ឆន្ទៈ​ក្នុងការ​ពង្រឹង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍ នៃ​ការការពារ​ការឆ្លង​រាលដាល​ជាមួយ​ប្រទេស​ចិន និង​ការពារ​សុវត្ថិភាព​ដល់​ជីវិត​ប្រជាជន​៕​ដោយ​៖​កូ​ឡាប​

spot_img
×