រដ្ឋមន្ត្រីការពារជាតិអាមេរិក James Mattis កំពុងបំពេញទស្សនកិច្ចមួយជុំទ្វីបអាស៊ី។ នៅក្នុងជំនួបជាមួយសមភាគីឥណ្ឌូណេស៊ីលោក Ryamizard Ryacudu ក្នុងទីក្រុងហ្សាការតានាថ្ងៃអង្គារ ទី២៣ មករា លោក Mattis បានថ្លែងថា អាមេរិកចង់ជួយឥណ្ឌូណេស៊ីឲ្យការពារដែនទឹករបស់ខ្លួនប្រឈមនឹងកំណើនឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ ដើម្បីប្រឈមមុខនឹងឥទ្ធិពលរបស់ចិននៅក្នុងតំបន់ លោក Mattis ចង់ពង្រឹងទំនាក់ទំនងយោធារវាងអាមេរិក និងឥណ្ឌូណេស៊ីតាមរយៈការបង្កើនសមយុទ្ធរួមគ្នា ក៏ដូចជាការលក់គ្រឿងសព្វាវុធបន្ថែមឲ្យឥណ្ឌូណេស៊ី។
ក្រុមអ្នកទទួលខុសត្រូវអាមេរិកមិនបញ្ចេញឈ្មោះបានទម្លាយឲ្យដឹងថា ឥណ្ឌូណេស៊ីដែលមានយន្តហោះចម្បាំងអាមេរិក F-១៦ ចំនួន ២៤គ្រឿងអាចនឹងទិញ ៤៨គ្រឿងបន្ថែមទៀតគិតជាទឹកប្រាក់ពី ៤ ០០០ ទៅ ៥ ០០០លានដុល្លារ។
លោករដ្ឋមន្ត្រីការពារជាតិអាមេរិក James Mattis ចង់និយាយពេលនេះ គឺជំនួយយោធា ហើយដែនទឹកដែលលោក Mattis ចង់និយាយនោះ គឺដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង។ អ្វីដែលលោក Mattis ចង់បាន គឺការធានាឲ្យមានការគោរពច្បាប់សមុទ្រអន្តរជាតិ និងសិទ្ធិសេរីនៃការធ្វើចរាចរណ៍ផ្លូវសមុទ្រនៅក្នុងសមុទ្រចិនខាងត្បូង។ នៅក្នុងន័យនេះ លោក Mattis ចង់ជួយបង្កើនចំណេះដឹងផ្នែកដែនសមុទ្រនៅសមុទ្រចិនខាងត្បូងតាមរយៈការដោះដូរព័ត៌មានរវាងឥណ្ឌូណេស៊ីជាមួយប្រទេសជិតខាងនៅក្នុងតំបន់។
នៅពេលដែលមានសំណួរចោទឡើងទាក់ទងនឹងការដែលអាមេរិកមិនបានផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិស្តីពីច្បាប់សមុទ្រ លោក Mattis បានឆ្លើយថា អាមេរិកមិនបានផ្តល់សច្ចាប័នមែន តែអាមេរិកបានគោរព ពោលមិនដូចប្រទេសខ្លះបានផ្តល់សច្ចាប័ន តែមិនគោរពនោះទេ។ គេដឹងថាលោកចង់និយាយសំដៅលើប្រទេសចិន។ ចិនដែលបានចេញមុខទាមទារកម្មសិទ្ធិផ្តាច់មុខនៅសមុទ្រចិនខាងត្បូង ត ទល់នឹងប្រទេសជិតខាងមានវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី តែវ៉ាន់ និងព្រុយណេ៕