ភ្នំពេញ៖ បើតាមការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍របស់ក្រសួងធនធានទឹកនិងឧតុនិយមបានអោយដឹងថា ភ្លៀងកក់ខែ នឹងនៅតែបន្តធ្លាក់រាយប៉ាយ នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃ៣១មករា ។
ជាការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម៖ ព្រះរាជាណាចក្រកម្ពុជា កំពុងបន្តទទួលខ្យល់ដែលបក់មកពីទិសខាងកើត (មកពីសមុទ្រចិនខាងត្បូង) ។ ឥទ្ធិពលរបស់ខ្យល់មូសុងឦសាន និងជ្រលងសម្ពាធខ្ពស់ បន្តចុះខ្សោយជាបន្តបន្ទាប់។ លក្ខណៈបែបនេះ នឹងបង្កឲ្យមានភ្លៀងកក់ខែ បន្តធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ ចាប់ពីថ្ងៃទី២៣ ដល់៣០ខែមករា នៅតាមបណ្តារាជធានី ខេត្តមួយចំនួនដូចជា តំបន់មាត់សមុទ្រ ខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង នឹងមានភ្លៀងកក់ខែ ធ្លាក់ពីមធ្យមទៅបង្គួរ។ តំបន់ទំនាបកណ្តាល រាជធានីភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង កណ្តាល តាកែវ កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង នឹងមានភ្លៀងកក់ខែធ្លាក់ពីតិចទៅមធ្យម៕ ដោយ៖កូឡាប