Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី អៀង មូលី ព្រួយបារម្ភ ចំពោះ​ការរាំងស្ទះ​ដល់​កម្មវិធី​ប្រយុទ្ធ​នឹង​មេរោគ​អេដស៍​/​ជំងឺអេដស៍ របេង និង​គ្រុនចាញ់ ព្រោះ​ការ​រាតត្បាត​សកល​មេរោគ​កូ​រូ​ណា​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី បាន​សម្តែង​នូវ​ការព្រួយបារម្ភ ចំពោះ​ការរាំងស្ទះ​ដល់​កម្មវិធី​ជំងឺ​ទាំងបី ដោយ​ជំងឺ​រាតត្បាត​សកល ដែល​បង្កដោយ​មេរោគ​កូ​រូ​ណា ដែល​អាចធ្វើឱ្យ​បាត់បង់​លទ្ធផល ដែល​យើង​បានសម្រេច​ជាច្រើន​ឆ្នាំ​កន្លងទៅ ក្នុងការ​ប្រយុទ្ធ​នឹង​មេរោគ​អេដស៍​/​ជំងឺអេដស៍ របេង និង​គ្រុនចាញ់​។​

​នៅ​ម៉ោង​៧​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែឧសភា ឆ្នាំ​២០២០ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​មូលនិធិ​សកល​បាន​ចូលរួម និង​ថ្លែង​ក្នុងនាម​មណ្ឌល​តំណាង​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​មូលនិធិ​សកល លើក​ទី​៤៣ តាម​វីដេអូ​ខុន​ហ្វឺ​រេ​ន (43rd Global Fund Virtual Board Meeting) ដែលមាន​លោកជំទាវ​រ៉ូ​សា​លីន (Lady Roslyn) ជា​ប្រធាន​កិច្ចប្រជុំ​។

​យោងតាម​បទ​អន្តរាគមន៍​របស់​ឯក​ឧ​ត្ត​ម​ទេសរដ្ឋមន្ត្រី​មានប្រសាសន៍ថា តាងនាម​មណ្ឌល​តំណាង តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​របស់ខ្ញុំ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ លោក​អគ្គនាយក ភី​ធឺ សេនដ៍ (Peter Sands) ដែល​បានធ្វើ​របាយការណ៍​ផ្ទាល់មាត់ ដោយ​គ្រប់​ជ្រុងជ្រោយ​។

​ឯកឧត្តម ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​អគ្គនាយក ដែល​បាន​សង្ខេប​នូវ​ព្រឹត្តិការណ៍ និង​វឌ្ឍនភាព ដែល​កើតមានឡើង​តាំងពី​ក្រោយ​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​លើក​មុន​។ យើង​ឯកភាព​ជាមួយ​អនុសាសន៍ របស់លោក​អំពី​បញ្ហា​ប្រឈម និង​អាទិភាព ដែល​យើង​ប្រឈមមុខ​នៅក្នុង​កាលៈទេសៈ​នៃ​ការគំរាមកំហែង​ពី​ជំងឺ​កូ​វីដ ១៩​។ យើង​សូម​ថ្លែងអំណរគុណ ចំពោះ​ការ​ត្រិះរិះ​របស់លោក​អគ្គនាយក​ចំពោះ បេសកកម្ម​របស់​មូល​និ​ធិ​សកល​ទាំង មូល និង​តួនាទី​នៅក្នុង​សហគមន៍​សុខាភិបាល​សកល​។ ការធ្វើ​បច្ចុប្បន្ន ភាព​ប្រចាំ​សប្តាហ៍​របស់លោក​ក្នុង​រយៈពេល ២-៣​សប្តាហ៍​ចុងក្រោយ​នេះ មាន​សារសំខាន់​យ៉ាងខ្លាំង​។​

​ឯកឧត្តម​សូម​កោតសរសើរ​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សាភិបាល លោក​អគ្គនាយក និង​លេខាធិការដ្ឋាន ដែល​បានរៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល តាម​បណ្តាញ​អ៊ីនធឺណិត (​វីដេអូ​ខន​ហ្វឺ​រេ​ន​) ទៅតាម​ផែនការ​។ មណ្ឌល តំណាង​របស់​យើង​សូម​សាទរ ចំពោះ​ការចាត់ចែង​ទាំងអស់ ក្នុងការ​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​១៩​។ ក្នុងនោះ​រួមបញ្ចូល​ទាំង​ភាពទន់ភ្លន់ ក្នុងការ​អនុវត្ត​គម្រោង​ជំនួយ​បច្ចុប្បន្ន ការបង្កើតឱ្យមាន​យន្តការ​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​១៩ និង​ការណែនាំ​ក្នុងការ​ប្រើប្រាស់​ថវិកា​ជំនួយ ដល់​ប្រទេស​នានា ក្នុងការ​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​១៩​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​លើកឡើងថា ទោះបីជា​យ៉ាងណាក៏ដោយ ក៏​យើង​មានការ​ព្រួយបារម្ភ ចំពោះ​ការរាំងស្ទះ​ដល់​កម្មវិធី​ជំងឺ​ទាំងបី ដោយ​ជំងឺ​រាតត្បាត​សកល ដែល​បង្កដោយ​មេរោគ​កូ​រូ​ណា ដែល​អាចធ្វើឱ្យ​បាត់បង់​លទ្ធផល ដែល​យើង​បានសម្រេច​ជាច្រើន​ឆ្នាំ​កន្លងទៅ ក្នុងការ​ប្រយុទ្ធ​នឹង​មេរោគ​អេដស៍​/​ជំងឺអេដស៍ របេង និង​គ្រុនចាញ់​។ ទោះបីជា​មានការ​គំរាមកំហែង​ពី​ជំងឺ​កូ​វីដ​១៩ យើង​ត្រូវ​បន្ត​បំពេញបេសកកម្ម​ស្នូល​របស់​យើង និង​មិនត្រូវ​បង្វែរ​ការវិនិយោគ ពី​កម្មវិធី​ជំងឺ​ទាំងបី​ឡើយ​។​

​ឯកឧត្តម បន្តថា យើង​មានការ​ព្រួយបារម្ភ​អំពី​វិបត្តិ​ហិរញ្ញវត្ថុ​ក្នុងពេល​ខាងមុខ ដែល​នឹងដាក់​សម្ពាធ​ដល់​ថវិកា​របស់​ម្ចាស់ជំនួយ នៅពេល​បំពេញ​ការសន្យា​របស់​ពួកគេ​ក្នុងការ​ផ្តល់​ថវិកា និង​ចំពោះ​ប្រទេស​នានា​ក្នុងការ​ចលនា​ប្រភពធនធាន​ក្នុង ស្រុក​ដើម្បី​ផ្តល់​សហ​ហិរញ្ញប្បទាន ជាមួយ​កម្មវិធី​មូលនិធិ​សកល​។​

​យើង​ទទួលស្គាល់​នូវ​សារសំខាន់​នៃ​ការចូលរួម របស់​សហគមន៍​នៅ​គ្រប់​កម្រិត នៃ​វដ្ដ​ជំនួយ​។ យើង​ជឿថា សេវា​សុខាភិបាល​សហគមន៍ នឹង​បន្ត​ជា​សមាសធាតុ​មូលដ្ឋាន នៃ​ប្រព័ន្ធ​សុខាភិបាល​ដែល​មាំទាំ​មួយ​។​

​ទេសរដ្ឋមន្ត្រី អៀង មូលី បាន​បញ្ជាក់ជូន​អង្គប្រជុំ​ថា “​ដោយ​អាណត្តិ​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​រយៈពេល​២​ឆ្នាំ របស់ខ្ញុំ នឹងត្រូវ​បញ្ចប់ នេះ​ជា​កិច្ចប្រជុំ​ក្រុមប្រឹក្សា លើកចុងក្រោយ​របស់ខ្ញុំ​។ សប្តាហ៍​មុន ក្នុង​កិច្ចប្រជុំ​ជាមួយ​សមាជិក​មណ្ឌល​តំណាង​របស់ខ្ញុំ ខ្ញុំ​បាន​ជម្រាបជូន​ពួកគាត់ អំពី​ស្ថានភាព​របស់ខ្ញុំ​។ យើង​នឹង​គាំទ្រ​សមាជិក​បម្រុង​បច្ចុប្បន្ន ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​បន្ទាប់ពី​ខ្ញុំ ហើយ​យើង​នឹង​បោះឆ្នោត រើស​សមាជិក​បម្រុង​ថ្មី នៅពេលណា​ដែល​វៀតណាម ដែលជា​ប្រទេស ដែល​ត្រូវបាន​ជ្រើសរើស ឱ្យ​រៀបចំ​កិច្ចប្រជុំ រួចរាល់​ក្នុងការ​រៀបចំ​កិច្ចប្រជុំ​លើក​ក្រោយ​។ ក្នុងករណី​ដែល​យើង​មិនអាច​ជួបប្រជុំ​ផ្ទាល់​មុខ​គ្នា ក្នុង​អនាគត​ដ៏​ខ្លី​ខាងមុខ យើង​អាច​ប្តូរ​ទៅ​រៀបចំ​កិច្ចប្រជុំ តាម​អ៊ីនធឺណិត​។ ក្នុងករណីនេះ យើង​នឹង​ស្នើសុំ​ជំនួយ​ពី​ក្រុម​អភិបាលកិច្ច​។ លើសពីនេះ ខ្ញុំ​ជឿជាក់ថា​មូលនិធិ​សកល​នឹង​បន្ត​សម្រេចបាន​នូវ​ជោគជ័យ​ក្នុង​បេសកកម្ម​ស្នូល​របស់ខ្លួន​ក្នុងការ​សង្គ្រោះ​ជីវិត​មនុស្ស​របស់​លាន​នាក់​”៕​

ដោយ​៖​កូ​ឡាប​

spot_img
×