ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លៃងសារលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះថា ថ្ងៃនេះខ្ញុំសូមជម្រាបជូន បងប្អូនជនរួមជាតិអំពីលទ្ធផល ជាវិជ្ជមានប្រកបដោយនិន្នាការដ៏ល្អ ចំពោះការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដែលធ្វើឲ្យអត្រាអ្នកស្លាប់ អ្នករងរបួស និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល២សប្តាហ៍ ក្នុងខែឧសភា ឆ្នាំ២០២០ មានការថយចុះគួរកត់សម្គាល់ បើប្រៀបធៀបនឹងពេលមុន មានការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ ។
សម្តេចក្រឡាហោម បានមានប្រសាសន៍ថា ទិន្នន័យជាផ្លូវការបានបញ្ជាក់ថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងរយៈពេល១៤ថ្ងៃ គឺតពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ បើប្រៀបធៀបពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ដូចគ្នា គឺចំនួនគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ២៦លើក អ្នករងរបួសថយចុះ៨១នាក់ និងអ្នកស្លាប់ថយចុះ៤នាក់ ។
ចំនួននេះបើប្រៀបធៀបពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩វិញ គឺមានការថយចុះកាន់តែច្រើនដូចជា គ្រោះថ្នាក់ចរាចរណ៍ថយចុះ៦៨លើក អ្នករងរបួសថយចុះ៩១នាក់ និងអ្នកស្លាប់ថយចុះ២០នាក់ ដែលនេះគឺបានបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋយើងពិតជាមានការយល់ដឹង និងបានចូលរួមគោរពច្បាប់ចរាចរណ៍កាន់តែច្រើន ។
សម្តេច ស ខេង បានបញ្ជាក់ថា ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណ ដល់បងប្អូនជនរួមជាតិទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ផ្លូវថ្នល់ ដែលបានចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក យ៉ាងខ្ជាប់ខ្ជួន និងអរគុណដល់កងកម្លាំងមានសមត្ថកិច្ច ក៏ដូចជា មន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តភារកិច្ចរបស់ខ្លួន បានល្អប្រសើរ ។ ជាមួយគ្នានេះ ក៏សូមថ្លែងអំណរគុណ ចំពោះគ្រប់បណ្តាញសារព័ត៌មាន អង្គការក្រៅរដ្ឋាភិបាល និង អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមផ្សព្វផ្សាយ និង អប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោកនេះ ជូនប្រជាពលរដ្ឋផងដែរ។
សម្តេច ស ខេង បានឲ្យដឹងបន្ថែមថា កន្លងមកនេះ មានមតិខ្លះ ក៏បានលើកឡើងដោយសុំឲ្យមានការពន្យារ ឬក៏ផ្អាកការរឹតបន្តឹង ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនេះ ដោយមូលហេតុផ្សេងៗ ប៉ុន្តែក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខ្ញុំសូមជម្រាបបញ្ជាក់ជូន បងប្អូនជនរួមជាតិមេត្តាជ្រាបថា តាមលទ្ធផលជាវិជ្ជមានខាងលើនេះ បានបង្ហាញថា ការពន្យាឬក៏ផ្អាកការរឹតបន្តឹង ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺប្រៀបបាននឹងការបណ្តែតបណ្តោយ ឲ្យប្រជាពលរដ្ឋខ្មែរយើងនៅតែបន្ត រងរបួស និងស្លាប់បាត់បង់ជីវិត កាន់តែច្រើនឡើងៗថែមទៀត ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលជាការកើតឡើងនូវសោកនាដកម្ម ទាំងចំពោះគ្រួសារ និងសង្គមជាតិយើង ។
“ទោះជាយ៉ាងណាក៏ដោយដើម្បីកាត់បន្ថយ ឬក៏លប់បំបាត់ឲ្យបាននូវបាតុភាពអវិជ្ជមានផ្សេងៗ ក្នុងយុទ្ធនាការ ការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនេះ ខ្ញុំក៏សូមក្រើនរំលឹកថែមទៀត ដល់កងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអនុវត្តភារកិច្ចរបស់ខ្លួន ត្រូវតែបន្តការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងវិន័យឲ្យបានខ្ជាប់ខ្ជួន ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋយើង” សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងដូច្នេះ៕
ដោយ៖កូឡាប