ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានសេចក្តីជូនដំណឹ អំពីកម្មវិធីសន្និសីទសារព័ត៌មាន ស្តីពីការបើកយុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី ខេត្ត នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។
ក្រសួងយុត្តិធម៌ បានប្រកាសថា ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចូលជួបពិភាក្សាការងារជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពីពុករលួយ(ACU) អំពីយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត។
នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នាទីស្តីការអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមទាំងសហការី បានចូលជួបពិភាក្សាការងារជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពីពុករលួយ(ACU) អំពីយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្តដែលនឹងប្រកាសដំណើរការនៅដើមសប្តាហ៍ក្រោយនេះ និងស្នើសុំកិច្ចសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងដំណើរការនៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ នឹងប្រកាសបើកយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត នៅវេលាម៉ងោង ៨.៣០ព្រឹក ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២០ នាទីស្តីការក្រសួងយុត្តិធម៌ ក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។
ក្រោយពិធីប្រកាសបើកយុទ្ធនាការនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងធ្វើសន្និសីទសារព័ត៌មាន នាទីស្តីការក្រសួងយុត្តិធម៌ ដើម្បីបង្ហាញអំពីគោលបំណង និងវិធានការមួយចំនួននៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ៕
ដោយ៖កូឡាប