ខេត្តស្វាយរៀងៈ ដោយសារផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ រាជរដ្ឋាភិបាល បានចាត់ឱ្យក្រសួងផែនការ ចុះស្រង់បច្ចុប្បន្នភាពគ្រួសារក្រីក្រ នៅទូទាំងប្រទេសកម្ពុជា ដើម្បីឧបត្ថម្ភសាច់ប្រាក់ ដល់ប្រជាពលរដ្ឋក្រីក្រ ។ ការងារនេះ គឺអនុវត្តនៅតាមរាជធានី/ខេត្ត ដើម្បីធ្វើការចុះស្រង់ស្ថិតិគ្រួសារក្រីក្រឱ្យបានច្បាស់លាស់ ពិតប្រាកដ និងមានតម្លាភាព។
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នារសៀលថ្ងៃថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ បានទទួលជួប ពិភាក្សាការងារជាមួយឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកផែនការ និងគណៈប្រតិភូ ក្នុងនោះក៏មានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធមួយចំនួនទៀត ។
ឯកឧត្តម ថេង បញ្ញាធន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ពីផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ជូនដល់គ្រួសារក្រីក្រ ដោយបានចាត់ឱ្យក្រសួងផែនការ ចុះស្រង់បច្ចុប្បន្នភាពគ្រួសារក្រីក្រ នៅទូទាំងប្រទេសកម្ពុជា ដើម្បីឧបត្ថម្ភសាច់ប្រាក់ ដល់ប្រជាពលរដ្ឋក្រីក្រ គឺអនុវត្តនៅតាមរាជធានី/ខេត្ត ដើម្បីធ្វើការចុះស្រង់ស្ថិតិគ្រួសារក្រីក្រឱ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព និងមានការសាទរពីប្រជាពលរដ្ឋ ក្នុងន័យលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។
ឯកឧត្តមអភិបាលខេត្តស្វាយរៀង បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត និងជំរុញបន្ថែមការងារនេះ ដល់អាជ្ញាធរ ក្រុង ស្រុក ធ្វើការផ្សាព្វផ្សាយដល់អាជ្ញាធរភូមិ ឃុំ សង្កាត់ ដើម្បីចុះស្រង់ស្ថិតិជាមួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់នឹងជំងឺកូវីដ១៩ ឱ្យបានលឿន និងមានប្រសិទ្ធភាព មានតម្លាភាព ទៅតាមការកំណត់ និងទាន់ពេលវេលា។
សូមជម្រាបជូនថា ជំនួបពិភាក្សានេះ ជាការងារបន្ទាន់ ដែលរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ និងរង់ចាំទិន្នន័យ សម្រាប់កិច្ចអន្តរាគមន៍ ផ្តល់សាច់ប្រាក់ជូនប្រជាជនក្រីក្រ និងប្រជាជនរងគ្រោះដោយសារកូវីដ-១៩ ស្របតាមប្រសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០កន្លងទៅ៕
ដោយ៖ វ៉ៃកូ