ភ្នំពេញ៖ គណៈអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២២ខែឧសភាឆ្នាំ២០២០ បានប្រកាសផ្អាករៀបចំមីទ្ទិញអបអរសាទរខួបលើកទី៦៩ នៃការបង្កើតគណបក្សប្រជាជនកម្ពុជានៅឆ្នាំនេះ ដែលគ្រោងធ្វើនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ ដោយសារបញ្ហាវីរុសកូវីដ-១៩ កំពុងបន្តរាតត្បាតទូទាំងពិភពលោក។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល បានលើកឡើងថា ដោយបញ្ហាវីរុសកូវីដ១៩ កំពុងនៅបន្តរាលដាលពាសពេញពិភពលោកនោះ ដូច្នេះការរៀបចំពិធីជួបជុំឬធ្វើមីទ្ទិញ ដើម្បីអបអរសាទរ ខួបលើកទី៦៩ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ត្រៀមរៀបចំធ្វើនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ខាងមុខ គឺត្រូវផ្អាកធ្វើសិន នៅក្នុងឆ្នាំនេះ។
ក្នុងកាលវេលានេះ គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ត្រូវបន្តរៀបចំផ្សព្វផ្សាយ ឡូហ្គោ គណបក្សខួបលើកទី៦៩ ដែលមានភ្ជាប់ជាមួយនេះ នៅតាមទីកន្លែងជាក់ស្តែង និងតាមការអនុញ្ញាតនៃច្បាប់ ដូចដែលធ្លាប់បានធ្វើជារៀងរាល់ឆ្នាំកន្លងមក៕
ដោយ៖កូឡាប