សៀមរាប ៖ ក្រសួងការពារជាតិ បានផ្សព្វផ្សាយព័ត៌មានថា សិក្ខាកាមពលទាហានថ្មី ក្នុងក្របខ័ណ្ឌកងទ័ពជើងគោគ ប្រចាំឆ្នាំ២០២០ ចំនួន៣៩៥នាក់ ក្នុងនោះមានពលទាហានស្ដ្រីចំនួន១១នាក់ផងដែរ ត្រូវបានហ្វឹកហាត់បាញ់គ្រាប់ពិត ដើម្បីយល់ដឹងពីតួនាទីភារកិច្ច និង យុទ្ធសាស្ដ្រ នៃយុទ្ធវិធីក្នុងជួរកងទ័ព។
ការហ្វឹកហាត់បាញ់គ្រាប់ពិតនេះ ក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ នៅទីបញ្ជាការហ្វឹកហ្វឺនយោធភូមិភាគទី៤ អូរកូនតឹង ក្នុងភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានមានប្រសាសន៍ថា៖ ប្អូនៗជាពលទាហានក្របខ័ណ្ឌថ្មី នៃកងទ័ពជើងគោក ប្រចាំឆ្នាំ២០២០ ដែលបានធ្វើការហ្វឹកហ្វឺនរយៈពេលបីខែមកនេះ នៅសាលាពលទាហានមិត្ដភាព កម្ពុជា វៀតណាម ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្ដសៀមរាប។
ឯកឧត្តម ឧត្ដមសេនីយ៍ឯកបានបន្ថែមថា៖ មេរៀនដែលទើបចាប់ផ្ដើមលើកដំបូងនេះ ជាមេរៀនទី១ ដែលសិក្សារយៈពេលបីខែ ទាំងទ្រឹស្ដី និងការហ្វឹកហាត់បាញ់គ្រាប់ពិតជាក់ស្ដែង។ ឯកឧត្តម ក៏បានលើកផងដែរ អំពីលទ្ធផល នៃការអនុវត្ដរបស់សិក្ខាកាម ជាលទ្ធផលល្អអាចទទួលយកបាន។
ឯកឧត្តម ក៏បានបន្តទៀតថា៖ ការហ្វឹកហាត់នេះធ្វើឡើង ដើម្បីឲ្យសិក្ខាកាមពលទាហាន បានយល់ពីតួនាទី និងយុទ្ធវិធីបាញ់គ្រាប់ពិត ក្នុងជួរកងកម្លាំងយោធា មុនពេលពួកគាត់ចាកចេញពីសាលាហ្វឹកហ្វឺនទៅកាន់តាមបណ្ដាអង្គភាពផ្សេងៗ ស្របតាមពាក្យស្លោក (ស៊ូបង្ហូរញើសនៅលើទីលានហ្វឹកហ្វឺន ប្រសើរជាងការបង្ហូរឈាមនៅក្នុងសមរភូមិ)។
ឯកឧត្តម ពៅ ហេង បានបន្ថែមថា៖ ការបាញ់ស៊ីបគ្រាប់ពិតនេះ គឺមានពីរគោលដៅ ដែលមានចម្ងាយ១០០ម៉ែត្រ និងចម្ងាយ១៥០ម៉ែត្រ ទៅតាមការបង្វឹករបស់គ្រូ។ ការហ្វឹកហាត់នេះជាលើកទីមួយ ដែលជាការបាញ់គ្រាប់ពិត មេរៀនទី១ កាំភ្លើងអាកា៤៧ ហើយតាមលទ្ធផលបណ្ដោះអាសន្នត្រួតពិនិត្យបាន១០០នាក់ លទ្ធផលពូកែ៨នាក់ គ្រាន់បើ៣២នាក់ មធ្យម៥៥នាក់ ខ្សោយ៥នាក់។ ក្នុងនោះអ្នកពូកែត្រូវបានមេបញ្ជាការយោភូមិភាគទី៤ បានបំពាក់ផ្កា កន្សែងពោះគោ១ និងថវិកា៥ម៉ឺនរៀល។ ឯកឧត្តមក៏បានសំណូមពរដល់ពលទាហានទាំងអស់ ចូលរួមហ្វឹកហាត់បាញ់គ្រាប់ពិតនេះ ឲ្យមានថ្វីដៃខ្លាំងពូកែ និងប្រសិទ្ធិភាព ដើម្បីចូលរួមការពារបូរណភាពទឹកដី និងសូមឲ្យមានភាពស្មោះត្រង់ និងជាតិមាតុភូមិរបស់ខ្លួនទាំងអស់គ្នា។
សូមបញ្ជាក់ផងដែរថា៖ ការហ្វឹកហាត់បាញ់គ្រាប់ពិតនេះ ធ្វើឡើងក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២០ នៅទីបញ្ជាការហ្វឹកហ្វឺនយោធភូមិភាគទី៤ អូរកូនតឹង ក្នុងស្រុកវ៉ារិន ខេត្ដសៀមរាប ៕
ដោយ៖កូឡាប