ប្រទេសជប៉ុនបាននិយាយថា ខ្លួនមានការសង្ស័យថា កប៉ាល់ដឹកប្រេងកូរ៉េខាងជើង កំពុងល្មើស ទៅនឹងទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ ក្រោយពេល យន្តហោះស៊ើបការខ្លួនបានឃើញកប៉ាល់នោះបើកនៅក្បែរកប៉ាល់ផ្សេងមួយទៀតនៅកណ្តាលសមុទ្រ។
ក្រសួងការបរទេសជប៉ុនបញ្ជាក់ថា បើតាមរូបភាពដែលថតបានកាលពីថ្ងៃសៅរិ៍កន្លងទៅ បានបង្ហាញថា កប៉ាល់របស់កូរ៉េខាងជើងឈ្មោះ Rye Song Gang 1 បានលេចចេញនៅក្បែរកប៉ាល់មួយគ្រឿងទៀតដែលមានដោតទងជាតិ ប្រទេសដូមីនីកា (Dominica) នៅពេលយប់ ហើយកប៉ាល់ទាំងពីរបានបើកចេញពីគ្នារៀងៗខ្លួន នៅពេលថ្ងៃរះ នៅថ្ងៃសៅរិ៍ដដែល។
ក្នុងសេចក្តីប្រកាស ក្រសួងការបរទេសនិយាយថា “ជប៉ុនមានការសង្ស័យយ៉ាងខ្លាំងថា កប៉ាល់ទាំង ពីរ មានការផ្ទេរទំនិញឲ្យគ្នា ដែលទង្វើនេះជាការ ល្មើសទៅនឹងបំរាមរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ”។
សូមបញ្ជាក់ផងដែរថា កប៉ាល់ដឹកប្រេង Rye Song Gang គឺស្ថិតក្នុងចំណោម កប៉ាល់ ៨គ្រឿង ដែលត្រូវបានអង្គការ សហប្រជាជាតិហាមមិនឲ្យចូលសំចតនៅគ្រប់កំពង់ ផែទាំងអស់ក្នុង ពិភពលោក ដោយសារល្មើសទៅនឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដែលដាក់លើកូរ៉េខាងជើង៕ សុភ័ក្ត្រ