កែប៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ទោះបីជាខេត្តកែប មិនទាន់ក្លាយជាគោលដៅនៃឧក្រិដ្ឋកម្មគ្រឿងញៀនក៏ដោយ ប៉ុន្តែត្រូវមានការប្រុងប្រយ័ត្នសម្រាប់ពេលអនាគត កុំឲ្យជនឱកាសនិយម ប្រើប្រាស់ទីតាំងខេត្តនេះ ជាកន្លែងប្រព្រឹត្តឧក្រិដ្ឋកម្មគ្រឿងញៀន។
សម្ដេចក្រឡាហោម បានក្រើនរំលឹកថា គ្រឿងញៀនជាបញ្ហាចាំបាច់ដែលត្រូវយកចិត្តទុកដាក់ ដូច្នេះអាជ្ញាធរខេត្តកែប និងកំពត ត្រូវចូលរួមទប់ស្កាត់កុំឲ្យបញ្ហាគ្រឿងញៀន រីករាលដាលដល់សហគមន៍ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ប្រសាសន៍សម្ដេច ៖ ” កន្លងមក ខេត្តព្រះសីហនុ ពេលដែលមានការវិនិយោគច្រើន ពួកឱកាសនិយម ឧក្រិដ្ឋកម្មគ្រឿងញៀនបាននឹងកំពុងយកកន្លែងនោះប្រើប្រាស់ដើម្បីជួញដូរគ្រឿងញៀន។ ខេត្តកែបមិនទាន់មានបញ្ហានេះទេ ប៉ុន្តែត្រូវប្រយ័ត្នសម្រាប់អនាគត ការទាក់ទាញ់ ការវិនិយោគកាន់តែច្រើន ជនឱកាសនិយម ឧក្រិដ្ឋកម្មគ្រឿងញៀនអាចយកកន្លែងនេះប្រើប្រាស់ក៏អាចថាបាន។ ខេត្តកែប និងកំពតមិនទាន់ក្លាយជាកន្លែងគោលដៅឧក្រិដ្ឋជនប្រើប្រាស់គ្រឿងញៀន ប៉ុន្តែយើងមិនត្រូវធ្វេសប្រហែស ហើយត្រូវប្ដេជ្ញាទាំងអស់គ្នាថា កុំឲ្យគ្រឿងញៀនរីកសាយដល់សហគមន៍ ដែលនេះជាបញ្ហាសំខាន់ ដូចជាទៅដល់ជនបទ ភូមិ ផ្ទះប្រជាពលរដ្ឋ “។
សម្ដេចក្រឡាហោម បានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តខេត្តកែប នាព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ នៅសាលាខេត្តកែប។
ជាងនេះទៀត សម្ដេចក្រឡាហោមក៏បានស្នើដល់ ស្ថាប័នពាក់ព័ន្ធឲ្យបន្តខិតខំប្រឹងប្រែងបង្ក្រាបបញ្ហាគ្រឿងញៀននេះ ពោលគឺមិនត្រូវមើលស្រាលបញ្ហានេះឡើយ ហើយត្រូវបំផុសឲ្យមានការចូលរួមគាំទ្របន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រឿងញៀននេះ។
ឆ្លៀតក្នុងឱកាសនោះផងដែរ សម្ដេចបានសម្ដែងការគាំទ្រដល់ការប្ដេជ្ញាចិត្តរបស់អភិបាលខេត្តទាក់ទងនឹងការបន្តខិតខំអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដែលជាគោលការណ៍មានប្រសិទ្ធិភាព និងមានឥទ្ធិពលក្នុង ការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម៕
ដោយ៖បញ្ញាស័ក្តិ