ភ្នំពេញ ៖ កម្លាំងនគរបាលខេត្តកណ្តាល បាននាំឃាតករដែលប្រើកាំបិតចាក់ទៅលើបុរសម្នាក់បណ្តាលឲ្យស្លាប់នៅក្នុងថ្លុកឈាម នៅផ្ទះសំណាក់យីហោ សំណាងណាស់ កាលពីប៉ុន្មានថ្ងៃកន្លងមក យកទៅកន្លែងដែលខ្លួនយកម៉ូតូជនរងគ្រោះទៅលក់នៅហាងឈ្មោះសុខឃីមទិញលក់ម៉ូតូគ្រប់ប្រភេទនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។កម្លាំងនគរបាលខេត្តកណ្តាលបានឃាត់ខ្លួនស្ត្រីម្នាក់ដែលទទួលទិញម៉ូតូពីឃាតករក្នុងតម្លៃ១៤៥០ដុល្លារ ដែលព្យាយាមបិទបាំងមិនព្រមសហការជាមួយសមត្ថកិច្ច។ ហេតុការណ៍ឃាត់ខ្លួនខាងលើបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ។
បច្ចុប្បន្នកម្លាំងជំនាញបាននាំម្ចាស់ទទួលផលចោរកម្ម មកកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលដើម្បីបន្តនីតិវិធី។
លោកវរសេនីយ៍ឯក មាន សំណាង អធិការស្រុកអង្គស្នួល បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នេះថា កម្លាំងស្រុកបានសហការជាមួយកម្លាំងជំនាញខេត្តបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីមនុស្សឃាតកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ស្ត្រីជាឃាតករឈ្មោះ ផេង ណាត ៣២ ឆ្នាំស្នាក់នៅផ្ទះជួលក្នុងភូមិ ព្រៃបឹង សង្កាត់កន្ទោក ពោធិ៍សែនជ័យ។
សូមបញ្ជាក់ថា៖ បុរសម្នាក់បានឌុបនារីជាសង្សាររបស់ខ្លួនមកដេកក្នុងផ្ទះសំណាក់យីហោ សំណាងណាស់ លុះដេកប្រហែលជា៣ម៉ោង ពុំដឹងជាមានរឿងហេតុអី ស្រាប់តែនារីជាសង្សារយកកូនកាំបិតចាក់ទៅលើបុរសម្នាក់រូបនេះ បណ្ដាលឲ្យស្លាប់ រួចជិះម៉ូតូរបស់បុរសរូបនេះគេចខ្លួនបាត់ស្រមោល។ ករណីឃាតកម្មខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៨និង១០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
មន្ដ្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ នួន សុភាព ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបបើកហាងម៉ាស្សា និងសារព័ត៌មានសំឡេងប្រជាជន បច្ចុប្បន្នស្នាក់នៅភូមិស្រែអំពិល សង្កាត់ស្នោ ខណ្ទពោធិសែនជ័យ រាជធានីភ្នំពេញ៕ ដោយ៖បញ្ញាស័ក្តិ