ខេត្តស្វាយរៀង ៖ ក្រុមម្ចាស់រថយន្តដឹកគ្រួស ដឹកថ្មប្រមាណ៤០នាក់ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ បាននាំគ្នាធ្វើការតវ៉ានិងបិទផ្លូវជាតិលេខ១ ខណៈក្រុមជញ្ជីងចល័ត របស់ក្រសួងសាធារណការនិងដឹកជញ្ជូន ដែលដឹកនាំដោយលោក សេង ឈួន បានឃាត់រថយន្តរបស់ពួកគាត់កាលពីម្សិលមិញ យកមកទុកនៅក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង។
បើតាមសម្តីរបស់ក្រុមម្ចាស់រថយន្ត បានឲ្យដឹងថា៖ ការតវ៉ានេះបន្ទាប់ពី ក្រុមជញ្ជីងចល័ត តម្រូវឲ្យពួកគាត់បង់ថ្លៃ ផាកពិន័យក្នុង១តោន រហូតដល់៣០ម៉ឺនអញ្ចឹងអ្នកខ្លះ លើសចាប់ពីី១០តោន ទៅដល់១៨តោន គ្នាគ្មានលទ្ធភាពបង់ ហើយម្យ៉ាងទៀត រថយន្តដែលដឹកត្រូវស្តង់ដាហើយ ខាងជញ្ជីងនៅតែថា៖ខុសនេះខុសនោះទៀត តម្រូវឲ្យបង់ការផាកពិន័យ។ជាមួយគ្នានោះអ្វីដែលប្រជាពលរដ្ឋ ដែលជាម្ចាស់រថយន្តដឹកគ្រួស ដឹកថ្មមិនអស់ចិត្តនោះ គឺថាក្រុមជញ្ជីងចល័ត ដែលចុះចាប់ពួកគាត់នោះ ក្នុងស្រុកស្វាយជ្រំកាលពីម្សិលមិញនេះ គឺសុទ្ធតែស្លៀកពាក់ ឯកសណ្ឋានស៊ីវិល ហើយចំពោះរថយន្ត ដែលក្រុមជញ្ជីងចល័ត ធ្វើការឃាត់ទុកនេះ មានប្រមាណ៧ ទៅ៨គ្រឿងគឺប្រដេញតាមរថយន្តដឹកខ្សាច់ដោយក្រុមមន្ត្រីទាំងនោះ គឺបានបើករថយន្តមកកាក់ពីមុខអោយរថយន្តដឹក ថ្ម ខ្សាច់ គ្រួស ឈប់ដើម្បីធ្វើការថ្លឹងទង្ងន់។
អ្នកបើកបររថយន្តដឹកខ្សាច់ម្នាក់បានអោយដឹងថា៖ ការដេញរបៀបនេះ គឺគ្រោះថ្នាក់ខ្លាំងណាស់ បើទោះបីជារថយន្តរបស់ពួកគាត់ដឹកលើសទង្ងន់ក៏ពិតមែន សូមហៅតាមសម្រួលទៅមិនចាំបាច់ប្រដេញដូច្នេះទេ ហើយពួកគាត់បើចង់រត់ក៏រត់ពុំរួចដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា៖ ពួកគាត់ឆ្ងល់ថា រថយន្តទិញមកមិនបានកែកុនអីនោះទេ ដឹកតាមកំណត់ហើយពេលខាងក្រសួងចាប់មកថ្លឹង គឺលើសដល់ទៅ១៣តោន ចំណែករថយន្តដែលបានកែទ្រុងកន្ទុយខាងក្រោយអាចលើសមែនពួកគាត់មិនប្រកែកនោះទេ ហើយសុខចិត្តបង់ការផាកពិន័យតាមផ្លូវច្បាប់។ ប៉ុន្តែចំពោះរថយន្តទ្រុងស៊ីនមកពីប្រទេសគេ បើទោះបីដឹកតាមកំណត់ទ្រុងគឺនៅតែលើសទង្ងន់ទៀត។
ពាក់ព័ន្ធករណីខាងលើនេះលោក មិន រ៉ាវី សមាជិកលេខាធការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលអចិង្ត្រៃយ៍តំណាងឯកឧត្តម សេង ឈួន អនុរដ្ឋលេខាធិការនិងជាប្រធានលេខាធិការដ្ឋាននៃគណះកម្មាធិការសម្របសម្រួលអចិង្ត្រៃយ៍បានឲ្យដឹងថា៖ចំពោះក្រុមអ្នកបើកបរថយន្តដឹក ខ្សាច់ ថ្ម គ្រួស ទាំងអស់ដែលលើកឡើងថា៖ ដឹកខ្សាច់គឺភាគច្រើនមានតកន្ទុយដែលខុសបច្ចេកទេស គឺបណ្តាឲ្យលើសទង្ងន់មួយទៀតគឺរថយន្តមានទ្រុងស៊ីន គឺបើដឹកពេញលើសទង្ងន់ហើយដែលច្បាប់កំណត់ប្រភេទរថយន្តដឹក ដី ខ្សាច់ត្រឹមតែ៣០តោនប៉ុណ្ណោះ ដោយឡែករថយន្តទ្រុងស៊ីនដឹកពេញអាចលើសពី១០តោនឡើងទៅ ម្យ៉ាងវិញទៀតច្បាប់ស្រុកគេផ្សេងនៅស្រុកខ្មែរគឺផ្លូវមិនដូចស្រុកគេទេ។ ហើយបញ្ហាដែលមន្ត្រីរបស់ក្រសួងដេញតាមរថយន្តដឹក ខ្សាច់ ថ្ម គ្រួស នោះដោយសារតែបើពាក់ឯកសណ្ឋានមន្ត្រីគឺក្រុមអ្នកបើកបររថយន្តមិនឈប់ដោយសារស្គាល់ទើបមន្ត្រីយើងស្លៀកពាក់ឯកសណ្ឋានស៊ីវិលដេញតាមឃាត់រថយន្តទាំងអស់នោះ។ ហើយនៅរសៀលថ្ងៃដដែលនោះ ខាងសមត្ថកិច្ចបានអញ្ជើញតំណាងក្រុមអ្នកបើកបររថយន្តដឹកខ្សាច់ និងរថយន្តដែលត្រូវផាកពិន័យមកមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង ដើម្បីធ្វើការសម្របសម្រួលដោះស្រាយគ្នា ហើយខាងក្រសួងនៅតែធ្វើតាមច្បាប់គឺពិន័យចំពោះរថយន្តចំនួន៧គ្រឿង ដែលសមត្ថកិច្ចធ្វើការឃាត់និងថ្លឹងឃើញថា លើសទង្ងន់នោះ។ ប៉ុន្តែចំពោះរថយន្តផ្សេងទៀតដែលស្នើសុំកាត់ទ្រុងត្រឹមទ្រុងស៊ីនមិនទាន់មានការឆ្លើយតបពីមន្ត្រីនោះទេ។ សូមបញ្ជាក់ផងដែរថា៖ រថយន្តទ្រុងស៊ីនបើដឹកពេញគឺនៅតែលើសទង្ងន់ដដែល ហើយជាលទ្ធផលរហូតដល់ព្រលប់ថ្ងៃដដែលនេះនៅពុំទាន់ត្រូវរ៉ូវគ្នានៅឡើយ៕ វ៉ៃកូ