Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច ហេង សំរិន ជំរុញ​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​នានា តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជា​មិត្ត​

spot_img

​ភ្នំពេញ​៖ ក្នុងឱកាស​អនុញ្ញាត​ឲ្យ ឯកអគ្គរាជទូត​ព្រះរាជាណាចក្រ​កម្ពុជា ទើប​តែងតាំង​ថ្មី ប្រចាំ​បណ្តា​ប្រទេស​នានា ចូលជួប​សម្តែង​ការគួរ​សមនិង​ទទួល​អនុសាសន៍​ណែនាំ មុន​ចេញទៅ​បំពេញបេសកកម្ម​ការទូត​នៅក្រៅ​ប្រទេស សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ផ្តាំផ្ញើ​ដល់​ឯកអគ្គរាជទូត​ទាំងនោះ ត្រូវ​តម្កល់​ប្រយោជន៍​ជាតិ​ជាធំ ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ ត្រូវ​រក្សា​ការពារ និង​លើក​តម្លៃ​ជាតិ​ជានិច្ច និង​ត្រូវ​ពង្រឹងពង្រីក​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និង​សហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ប្រសើរ និង​ស្អិតល្មួត​ថែមទៀត ដើម្បី​ទាញយក​ផលប្រយោជន៍​សម្រាប់​ប្រទេសជាតិ​។​

​សម្តេច​ប្រធានរដ្ឋសភា បាន​ណែនាំ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត​ដែល​ទើប​តែងតាំង បន្ថែមថា ត្រូវ​បង្ហាញ​និង​ប្រកាន់ខ្ជាប់​នូវ​អត្តសញ្ញាណ​ជាតិ និង​សេចក្តីថ្លៃថ្នូរ ដោយ​ត្រូវ​បន្ត​លើកកម្ពស់​ផ្សព្វផ្សាយ​ឱ្យ​បរទេស​ស្គាល់​កម្ពុជា ឱ្យបាន​ច្បាស់​ទាំង​ផ្នែក​សិល្បៈ វប្បធម៌​ប្រពៃណី​របស់​ខ្មែរ ដែល​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​អត្ត​សញ្ញា ណ​របស់​ជាតិ ដែលមាន​វប្បធម៌​ផូរផង់ តាំងពី​សម័យអង្គរ​ម​ក​។​

​សម្តេច​បាន​ជំរុញ​ដល់​ឯកអគ្គរាជទូត​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ ជួយ​សម្របសម្រួល និង​ដោះស្រាយ​បញ្ហា​នានា​របស់​ពលរដ្ឋ​ខ្មែរ ឱ្យមាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា ជាពិសេស​ក្នុង​កាលៈទេសៈ​ការ​រាតត្បាត នៃ​មេរោគ​កូ​វីដ​១៩ ជាមួយនឹង​វិធានការ​ការពារ និង​ការធ្វើដំណើរ ដោយ​បង្កើត​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឱ្យ​គ្នា​ទៅ វិញ​ទៅមក រវាង​ស្ថានទូត​និង​ប្រជាពលរដ្ឋ​ខ្មែរ​។​

​ឯកអគ្គរាជទូត​ដែល​ទើប​តែងតាំង ដែល​បាន​ចូល​សម្តែង​ការគួរសម​ជាមួយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ដើម្បី​ទទួលបាន​អនុសាសន៍​ណែនាំ មុន​ចេញទៅ​បំពេញបេសកកម្ម​ការទូត នៅ​ព្រឹក​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២០​នេះ មាន ១- ឯកឧត្តម កាន់ ផា​រិ​ទ្ធ ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​ចក្រភព​អង់គ្លេស ២- ឯកឧត្តម តាន់ វុ​ដ្ឋា ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​សាធារណរដ្ឋ​ស៊ែ​ប៊ី ៣- ឯកឧត្តម មាស គឹម​ហេង ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​សាធារណរដ្ឋ​តួ​ក​គី ៤- ឯកឧត្តម កេ​ត សោ​ផាន់ ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​សាធារណរដ្ឋ​បារាំង ៥- លោកជំទាវ ថោង សុគន្ធា​រី ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ៦- ឯកឧត្តម សៀង ប៊ុន​វុ​ធ ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ៧- លោកជំទាវ ផែន សាវ​នី ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ៨- ឯកឧត្តម អ៊ីវ ហ៊ាង ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ៩- ឯកឧត្តម សុខ ខឿន ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​សាធារណរដ្ឋ​សឹង្ហ​បូរី​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ផ្តាំផ្ញើ​ដល់​ឯកឧត្តម លោកជំទាវ ដែល​តំណាង​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ​នេះ ត្រូវធ្វើ​ការពន្យល់​ឱ្យបាន​ច្បាស់លាស់ ចំពោះ​ទង្វើ​បំភ័ន្ត​មតិ​ឯ​មហាជន អំពី​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​របស់​កម្ពុជា ដែល​មតិ​អគតិ​ខាងក្រៅ តែងតែ​បំផ្លើសការពិត ក្នុង​គោលបំណង​បន្តុះបង្អាប់ និង​គៀបសង្កត់ មកលើ​រាជរដ្ឋាភិបាល ពិសេស​ត្រូវ​ចុះ​ស្វែងយល់​សុខទុក្ខ និង​ក្តាប់​ព័ត៌មាន​ឱ្យបាន​ច្បាស់លាស់ ជាក់ស្តែង​អំពី​ប្រជាពលរដ្ឋ សិស្ស​-​និស្សិត និង​ពលករ​ខ្មែរ ដែល​កំពុង​រស់​ក្រៅប្រទេស​។​

​សម្តេច​បាន​លើកឡើងថា ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន បច្ចេកវិទ្យា​ព័ត៌មាន​វិវឌ្ឍន៍​យ៉ាង​ឆាប់រ​ហ័យ និង​សភាពការណ៍​តំបន់ និង​ពិភពលោក​ប្រែប្រួល​ឥតឈប់ឈរ​នេះ ឯកអគ្គរាជទូត ត្រូវមាន​ភាព​អន្តរ​សកម្ម​ជានិច្ច ដោយ​ត្រូវ​ក្តាប់​ឱ្យបាន​ច្បាស់​នូវ​សភាពការណ៍ និង​ព័ត៌មាន ជាពិសេស ព័ត៌មាន​ពី​អគតិ​ខាងក្រៅ ដែល​តែងតែ​បំផ្លើសការពិត ក្នុង​គោលបំណង​បន្តុះបង្អាប់​វាយប្រហារ និង​គៀបសង្កត់​ជាតិ ហើយ​ត្រូវ​បង្ករ​លក្ខណៈ​ងាយស្រួល​លើ សេវាកម្ម​នានា របស់​ស្ថានទូត លើកកម្ពស់ សុខុមាលភាព និង​ការពារ​ផលប្រយោជន៍​របស់​ពួកគាត់ ហើយ​ត្រូវ​បង្កើន​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយ​ឯកអគ្គរដ្ឋទូត​-​រាជទូត នៃ​បណ្តា​ប្រទេស​ដទៃទៀត ប្រចាំ​នៅ​ប្រទេស​ដែល​ឯកឧត្តម លោកជំទាវ ជា​តំណាង​នៅ​ទីនោះ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា ឯកឧត្តម លោកជំទាវ ទាំងអស់ នឹង​ប្រតិបត្តិ​តួនាទី​របស់ខ្លួន បានល្អ​ជានិច្ច សក្តិ​សមជា​ឯកអគ្គរាជទូត ដែល​រាជរដ្ឋាភិបាល​បានផ្តល់​នូវ​ទំនុកចិត្ត និង​សូម​ជូនពរ​ឯកឧត្តម លោក ជំទាវ​ទាំងអស់ មាន​សុខ​ភាពល្អ និង​ទទួលបាន​ជោគ ជ័យ​ក្នុង​បេសកកម្ម​ការទូត ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ ៕

ដោយ​៖​កូ​ឡាប​

spot_img
×