ខេត្តស្វាយរៀង៖លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង បានថ្លែងថា ដំណើរការការឧបត្ថម្ភសាច់ប្រាក់មានតម្លាភាព គឺជាជោគជ័យរបស់រដ្ឋាភិបាល ក្នុងការផ្ដល់សេវាសង្គមមានប្រសិទ្ធភាព ក្នុងដំណាក់កាលនៃជំងឺកូវីដ១៩ សំដៅចូលរួមសម្រាលការលំបាក របស់ប្រជាជនក្រីក្រនិងជនងាយរងគ្រោះក្នុងសង្គម ។
ការថ្លែងបែបនេះ ខណៈដែលលោកជំទាំវម៉ែន សំអនអញ្ជើញជាអធិបតីក្នុងពិធីកិច្ចប្រជុំ រកដំណោះស្រាយជួយប្រជាពលរដ្ឋក្រីក្រ នៅខេត្តស្វាយរៀងដែលប្រឈមមុខនឹង ការខ្វះស្បៀងក្នុងអំឡុងពេលនៃការរីករាលដាលមេរោគកូវីដ១៩ នៅសាលាខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០។
លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអនក៏បានថ្លែងនូវការកោតសសើរចំពោះលោក លោស្រី ប្រធានក្រុមការងារចុះ ជួយតាមស្រុក ក្រុង នៃខេត្តស្វាយរៀងនិងប្រធាន ក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលស្រុក ក្រុងទាំង៨ ដែលបានបំពេញ ការងារបានល្អប្រសើរទាំងការងារស្នូល និងការងារប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ នាពេលកន្លងមក ។ ចំណែកឯកិច្ចប្រជុំថ្ងៃនេះគឺប្រារព្ធឡើង គឺ ឆ្លើយតបនឹងសេចក្តី ណែនាំលេខ ៖ ១៧ ស.ជ.ណ របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្ដីពីការតាមដាន គាំទ្រ និងជំរុញសកម្មភាពកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រអំឡុង ពេលនៃការរីករាលដាលជំងឺកូវីដ១៩ ។
លោកជំទាវបានបញ្ជាក់ថា ដើម្បីធានាឱ្យបានលទ្ធផលដូចបានគ្រោងទុក តាមកាលបរិច្ឆេទដែលបានកំណត់ខាងលើ ជាពិសេស ជៀសវាងបាននូវភាពអសកម្ម ដែលធ្វើឲ្យប្រជាពលរដ្ឋ មានការថ្នាំងថ្នាក់លើដំណើរការ កំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ លោកជំទាវបានជំរុញដល់លោក លោកស្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តមេត្តាចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរក្សាភាពច្បាស់លាស់ និងបំបាត់ភាពមិនប្រក្រតី ពីប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួន នៅពេលដែលអាជ្ញាធរ ឃុំ សង្កាត់បានសម្រេចជ្រើសរើស បញ្ចូលក្នុងទៅនៃគ្រួសារក្រីក្រ នឹងទទួលបាននូវប័ណ្ណសមធម៌សម្រាប់ទទួលបានការឧបត្ថម្ភសាច់ប្រាក់ ដែលនឹងគ្រោងអនុវត្តនៅពេលខាងមុខឆាប់ៗនេះ។
លោកជំទាវក៏បានស្នើឲ្យមន្ត្រីដែលពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តន៍ការងារបានរលូន ៖
ទី១.ប្រធានក្រុមការងារចុះតាមស្រុក ក្រុង និងមន្ត្រីជំនាញទាំងអស់ ត្រូវជំរុញអនុវត្តឲ្យ បានតាមសេចក្តីណែនាំ លេខ ១៧ របស់រដ្ឋាភិបាល ដែជារបៀបវារៈប្រជុំព្រឹកនេះ ដោយមានការចូលរួម និង សហការជាមួយអាជ្ញាធរភូមិ ឃុំ សង្កាត់ ត្រូវសម្រេច ធ្វើឱ្យបានចប់ សព្វគ្រប់នៅ ដំណាច់ខែឧសភាឆ្នាំ ២០២០ ចំពោះតំបន់ជនបទ និង តំបន់ទីប្រជុំជន ឲ្យបានមុនដំណាច់ខែមិថុនាឆ្នាំ ២០២០។
ទី២.ត្រូវដាក់ចេញនូវផែនការកម្មវិធីការងារ ឲ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងការប្រមូលទិន្នន័យ ដើម្បីធ្វើបច្ចុប្បន្នភាព ក្រ.១ និង ក្រ.២ ។
ទី៣.ត្រូវតាមដានការផ្តល់សាច់ប្រាក់ ដែលបានផ្តល់ជូនក្រុមគ្រួសារក្រីក្រ និងអប់រំ សតិអារម្មណ៍ ជៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ៕
ដោយ៖ វ៉ៃកូ