Wednesday, November 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយនេះ ACU បានធ្វើ​លិខិត​ឲ្យ​សាម៉ីរង​ការចោទប្រកាន់​ធ្វើការ​បំភ្លឺចំនួន​៥២

​ភ្នំពេញ​៖​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ថ្លែងថា ក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយនេះ អង្គភាព បានធ្វើ​លិខិត​ឲ្យ​សាមី​រង​ការចោទប្រកាន់​ធ្វើការ​បំភ្លឺ​ចំនួន​៥២ បន្ថែម​ពី​លិខិត​បំភ្លឺ​កន្លងមក​ចំនួន​៧៣​លិខិត ខណៈពេលដែល​ពាក្យបណ្តឹង​ក្នុង​ខែមីនា មេសា និង​ឧសភា ត្រូវបាន​ពិនិត្យ និង​ស្រាវជ្រាវ ស្តាប់​ការបំភ្លឺ​ពីសា​ម៉ីរង​បណ្តឹង​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ( ACU ) បាន​ថ្លែង​បែបនេះ ក្នុង​កិច្ចប្រជុំ​លើក​ទី​៥៦ អាណត្តិ​ទី​២ នៃ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃទី​២ ​ខែមិថុនា​ ឆ្នាំ​២០២០ នៅ​ទីស្តីការ​អង្គភាព​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​រាយការណ៍​អំពី​សកម្មភាព​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុងអំឡុង​៣​ខែ​កន្លងមក (​មីនា មេសា ឧសភា​) ។

​ឯកឧត្តម យន់ ស៊ី​ណាត អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយនេះ ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ខែមីនា មេសា ឧសភា ឆ្នាំ​២០២០ មាន​ចំនួន ៥៨០​នាក់ ក្នុងនោះ មានការ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ចុងក្រោយ ចំនួន​២៤ ពី​មន្ត្រី​ដែល​បាន​លាឈប់​ពី​ការងារ ចូលនិវត្តន៍ ឬ​ត្រូវ​បានបញ្ចប់​ការ​ពី​ការងារ​។ ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល ចំនួន​៤ ទៀត ត្រូវបាន​កំណត់​ឲ្យ​ប្រកាស​តាម​តម្រូវ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ តាម​សំណូមពរ​ស៊ើបអង្កេត​។

​អនុប្រធាន​អង្គភាព បាន​បន្តថា ពាក្យ​ប្តឹង​ក្នុង​រយៈពេល​៣​ខែ​កន្លង​នេះ មាន​ប្រហែល ៥០​ពាក្យ​ប្តឹង ក្នុង​មួយខែៗ ដោយ​ពាក្យ​ប្តឹង​ចំនួន​៨៩ ត្រូវបាន​ពិនិត្យ ស្រាវជ្រាវ ស្តាប់​ការបំភ្លឺ ហើយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឆ្លើយតប​ទៅ​ម្ចាស់​បណ្តឹង​រួច ដើម្បី​បញ្ចប់ ។ អង្គភាព​ប្រឆាំង​អំពើពុករលួយ បានធ្វើ​លិខិត​ឲ្យ​សាមី​រង​ការចោទប្រកាន់ ធ្វើការ​បំភ្លឺ​ចំនួន ៥២ បន្ថែម​ពី​លិខិត​បំភ្លឺ​កន្លងមក​ចំនួន​៧៣​លិខិត​។

​របាយការណ៍​អំពី ករណី​បណ្តឹង​អតីត​ឧ​ត្ត​ម​សេនីយ៍​ទោ សឿ ស៊ីថា (​ដែល​ត្រូវ​តុលាការ​កាត់ទោស​ពីបទ​សូកប៉ាន់ និង​រំលោភ​អំណាច​) ទៅ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ពី​ចៅក្រម​ដែល​កាត់ទោស​គាត់​។ ករណី​អន្តរាគមន៍​ទៅ​តុលាការ​ខេត្តកណ្តាល មិន​ឲ្យ​ឃុំខ្លួន​ជនល្មើស ជិប អៀង និង ​ជា​ ស៊ីវ​សរ​ ។​

​ឯកឧត្តម​តុ​ប សំ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ បាន​ថ្លែងថា ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​យក​ឱកាស​នៃ​កិច្ចប្រជុំ​នេះ អរគុណ និង​វាយតម្លៃ​ខ្ពស់​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​បាន​ខិតខំ​បំពេញការងារ យ៉ាង​ល្អ តាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ប្រឆាំង​អំពើពុករលួយ ២០១៥-២០២០ របស់​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​អាណត្តិ​ទី​២​។ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ នៅតែ​បង្ហាញ​ជំហរ​ស្ថិតនៅ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ គាំទ្រ​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​រួមគ្នា​ទទួលខុសត្រូវ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​៕

​ដោយ​៖​កូ​ឡាប​

×