រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង Kang Kyung-wha បាននិយាយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា បញ្ហាកម្មវិធីនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ត្រូវតែដោះស្រាយតាមរយៈការទូត ហើយអ្នកស្រីបញ្ជាក់ថា អាមេរិចត្រូវពិភាក្សា ជាមួយនឹងរដ្ឋាភិបាលកូរ៉េខាងត្បូងជាមុនសិន ប្រសិនជាចង់មានវិធាន ការយោអ្វីមួយ។
ការថ្លែងរបស់រដ្ឋមន្ត្រីការបរទេសរូបនេះ បានធ្វើឡើងនៅក្រៅកិច្ចប្រជុំ វេទិការសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុងដាវុស (Davos) ប្រទេសស្វីស។
អ្នកស្រីថ្លែងថា “បញ្ហានុយក្លេអ៊ែរ ត្រូវតែដោះស្រាយតាមរយៈការចរចារ និងការទូត ហើយគំនិតនៃការប្រើប្រាស់វិធានការយោធាយកមកដោះស្រាយ គឺមិនអាចទទួលយកបានឡើយ”។
រដ្ឋមន្ត្រីការបរទេសរូបនេះ បញ្ជាក់ទៀតថា “នេះគឺជាជោគវាសនារបស់ពួកយើង ហើយរាល់ជំរើសទាំងអស់ដែលនឹងត្រូវចាត់វិធានការនៅលើឧបទ្វីបកូរ៉េ មិនត្រូវអាចអនុវត្តបានដោយគ្មានពួកយើងនោះឡើយ”។
សូមរំលឹកផងដែរថា រដ្ឋបាលរបស់ដូណាល់ ត្រាំ ធ្លាប់បានបញ្ជាក់ថា រាល់ជំរើសយោធាទាំងអស់ គឺមានដាក់ នៅលើតុស្រាប់ហើយ ដើម្បីដោះស្រាយជាមួយនឹងកូរ៉េខាងជើង។ ប៉ុន្តែការពិភាក្សាគ្នាពីជំរើសយោធារបស់អាមេរិច បានបាត់បង់ការគាំទ្រនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៏ថ្មីៗនេះ ក្រោយពេលកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានបន្តការចរចារ៕ សុភ័ក្ត្រ