បុរសជាជាងកាត់សក់ម្នាក់ បានត្រូវនគរបាលចាប់វាយខ្នោះ បន្ទាប់ត្រូវបានចោទប្រកាន់រំលោភបំពាន សេពសន្ថវៈសិស្សស្រីម្នាក់មិនទាន់គ្រប់អាយុនៅក្នុងផ្ទះសំណាក់។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង ៣០នាទីព្រឹកថ្ងៃទី៤ ខែ មិថុនា ឆ្នាំ ២០២០ នៅចំណុចផ្ទះសំណាក់មួយកន្លែង ស្ថិតនៅផ្លូវលេខ 285 សងា្កត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បុរសជាប់ចោទរូបនោះមានឈ្មោះ អ៊ុក តុលា អាយុ ៣១ ឆាំ្ន មុខរបរជាងកាត់សក់ ស្នាក់នៅផ្ទះជួលក្រុម៥ ភូមិចុងខ្សាច់ សងា្កត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកយុវតីជាសិស្សសាលាមានអាយុ ១៧ ឆាំ្ន។
ការឈានចាប់ខ្លួនបុរសខាងលើនេះ ត្រូវបានធ្វើឡើង គឺបន្ទាប់មានពាក្យបណ្តឹងពីឪពុកម្តាយសិស្សស្រីនោះ ដែលបានរកឃើញពួកគេទាំងពីរ កំពុងស្ថិតនៅក្នុងផ្ទះសំណាក់ ។
ទាក់ទងរឿងស្រីប្រកាន់ ប្រុសប្រកែកនេះផងដែរ សិស្សស្រីរូបនោះបានប្រាប់សមត្ថកិច្ចដ៏គួរឲ្យហួសចិត្តថា ដំបូងឡើយ រូបនាងបានទៅផឹកស៊ីជាមួយប្រុសឈ្មោះ តុលា ប៉ុន្តែ មិននឹកស្មានថា ផឹកស្រវឹងរហូតបាត់បង់ស្មារតីលែងខ្លួនដឹងខ្លួនថា ត្រូវបានគេដឹកចូលផ្ទះសំណាក់ ដល់ថ្នាក់ត្រូវរបូតខោអាវអស់ពីខ្លួនប្រាណទេ ហើយក៏មិននឹកស្មានថា ឪពុកម្តាយអាចតាមរកឃើញរូបនាងនៅក្នុងផ្ទះសំណាក់ តាមរយៈប្រព័ន្ធជីភីអេសនោះដែរ។
ចំណែកបុរសជាប់ចោទបានអះអាងថា គាត់ពុំបានបង្ខិតបង្ខំចាប់បំពានសេពសន្ថវៈដូចខាងស្រីចោទប្រកាន់នោះទេ ។ ព្រោះតាមពិតទៅ ពួកគាត់បានស្រឡាញ់គ្នាដោយចិត្តនិងចិត្តប៉ុណ្ណោះ បន្ទាប់ពីបានស្គាល់គ្នាបានប្រមាណជា១ខែ តាមរយៈហ្វេសប៊ុក។ បុរសនេះនៅបានអះអាងទៀតថា នៅយប់នោះ បន្ទាប់ពីផឹករួច គាត់ក៏បានប្រាប់នាងថាជូនទៅផ្ទះ តែនាងបដិសេធនទៅទេ ក៏ចេញទៅក្រៅ រួចនាំគ្នាចូលដេកផ្ទះសំណាក់តែម្តងទៅ។
បច្ចុប្បន្ន ខាងប្រុសកំពុងត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ កសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕
ដោយ៖ លឹម ហុង