ភ្នំពេញ ៖ ការបន្តរៀបចំសណ្ដាប់ធ្នាប់តាមខណ្ឌនាពេលនេះគឺដោយមានការណែនាំជាបន្តបន្ទាប់ ពីលោកអភិបាលរាជធានីភ្នំពេញកន្លងមក ឱ្យរដ្ឋបាលខណ្ឌទាំង១២ក្នុងរដ្ឋបាលរាជធានីភ្នំពេញធ្វើការរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ដោយមិនឱ្យប្រជាពលរដ្ឋយកចំណីផ្លូវធ្វើអាជីវកម្មតទៅទៀតនោះ គេសង្កតឃើញ មានរដ្ឋបាលខណ្ឌទាំង១២នេះបានអនុវត្ត និងធ្វើសកម្មភាពរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានរបស់ខ្លួនជាញឹកញាប់និងជាបន្តបន្ទាប់។
ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី២៦ ខែ មករាឆ្នាំ២០១៨នេះរដ្ឋបាលខណ្ឌចំនួន២បានបន្តរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវក្នុងខណ្ឌរបស់គេរៀងៗខ្លួន។សម្រាប់រដ្ឋបាលខណ្ឌដង្កោបានដាក់កងកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវ ២១៧ ហៅផ្លូវចំការដូង ក្នុងសង្កាត់ដង្កោខណ្ឌដង្កោបានរៀបរយមិនឱ្យប្រជាពលរដ្ឋ ដាក់ទំនិញ ឬ សម្ភារៈ លក់ដូរ នៅលើចិញ្ចើមផ្លូវ ឬ ផ្លូវថ្មើជើងរបស់អ្នកដំណើរ តទៅទៀតឡើយដើម្បីបើកផ្លូវឱ្យធំទូលាយងាយស្រួលធ្វើចរាចរទៅមកនិងមានសោភ័ណ្ឌភាពតាមដងផ្លូវទៀតផង។ស្របជាមួយគ្នានេះដែរដោយឡែកនៅរដ្ឋបាលខណ្ឌ ៧មករា ក៏បានរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្តោយផ្លូវនេរុ៍ ខាងមុខផ្សាដេប៉ូ គឺបានរៀបរយមិនឱ្យប្រជាពលរដ្ឋ ដាក់ទំនិញ ឬ សម្ភារៈ លក់ដូរ នៅលើចិញ្ចើមផ្លូវ ឬ ផ្លូវថ្មើជើងរបស់អ្នកដំណើរ តទៅទៀតឡើយ ។ ជាមួយគ្នានោះ អាជ្ញាធរខណ្ឌបានរៀបចំបាញ់ថ្នាំ កំណត់ឱ្យប្រជាពលរដ្ឋលក់ មិនឱ្យហៀរដូចមុនទៀតទេ បើមិនដូច្នោះ នឹងមានវិធានការណ៍ផ្លូវច្បាប់ ចំពោះអ្នកមិនអនុវត្តតាមការណ៍ណៃនាំ របស់រដ្ឋបាលខណ្ឌនោះទេ។
ទាក់ទិននឹងបញ្ហាការធ្វើសណ្តាប់ធ្នាប់នេះ មានការលើកឡើងពីសំណាក់ ប្រជាពលរដ្ឋ ជាច្រើនថា ការធ្វើសណ្តាប់ធ្នាប់របស់អាជ្ញាធរខណ្ឌកន្លងមក “ដូចវែកចកក្នុងទន្លេ” មានន័យថា៖បង្ក្រាបខាងមុខអ្នកប្រព្រឹត្តនៅតែបន្តធ្វើតាមក្រោយជាដដែល។ ដោយមានផ្លូវជាច្រើន ត្រូវបានប្រជាពលរដ្ឋរំលោភធ្វើអាជីវកម្ម ពិសេសផ្លូវ ទាំង១១ខ្សែ ដែលរដ្ឋបាលរាជធានីភ្នំពេញប្រកាសឱ្យរដ្ឋបាលខណ្ឌចុះរៀបរយឱ្យបានល្អ ដើម្បីកាត់បន្ថយការកកស្ទះ និង គ្រោះថ្នាក់ចរាចរក្នុងរាជធានីភ្នំពេញ៕ ដោយ៖កូឡាប