បន្ទាយមានជ័យ ៖ បុរសម្នាក់បានស្លាប់ដោយសារបើកបរម៉ូតូជែងរថយន្តទៅបុកគ្នានឹងរថយន្ត១គ្រឿងទៀតដែលបើកបរបញ្ជ្រាសទិសគ្នា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៥ និង ០៥ នាទី ថ្ងៃ២៥ ខែមករា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខវិទ្យាល័យ ហ៊ុន សែន- មង្គលបូរី ក្នុងភូមិជំទាវ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
នគរបាលចរាចរណ៍ស្រុកមង្គលបូរីបានប្រាប់ឲ្យដឹងថា ៖ ជនរងគ្រោះមានឈ្មោះហន ចំរ៉ុង ប្រុស ២៩ឆ្នាំ នៅភូមិវត្តចែង ឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង ម៉ូតូគ្រឿងម៉ាក ហុងដា វេវ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង១ខ.៨៤៨០។
អ្នកនៅក្បែរកន្លែងកើតហេតុអោយដឹងថា៖ មុនពេលកើតហេតុអ្នកបើកបរ(ឈ្មោះហន ចំរ៉ុង ) នេះពាក់មួកសុវត្តិភាពដែរ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីត្បូងទៅជើង។
លុះដល់កន្លែងកើតហេតុខាងលើបានឡើងជែងរថយន្តមួយគ្រឿង ដែលបើកពីមុខហើយក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាក សាំយ៉ុង ប្រភេទ ទេសចរណ៍ ពណ៌ ស ដែលមានពាក់ស្លាកលេខបាត់ដំបង 1A.8749 អ្នកបើកបរត្រូវបានមិនស្គាល់អត្តសញ្ញាណគេចខ្លួនបាត់ ដែលធ្វើដំណើរច្រាស់ទិសគ្នា បុកចំពីមុខថ្ពាល់ខាងឆ្វេង បណ្តាលអោយ ស្លាប់។
ចំណែកឯ ម៉ូតូខូចខាតធ្ងន់មួយគ្រឿង រថយន្តខូចខាតស្រាល ចំពោះមូលហេតុបង្កឲ្យគ្រោះថ្នាក់នេះគឺដោយអ្នកបើកបរម៉ូតូឡើងប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់៕ ដោយ ៖ បន្ទាយ