ភ្នំពេញ ៖ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ បានអះអាងថា កម្ពុជាមិនទាន់ឃើញមានបញ្ហានេះធំដុំនៅឡើយទេ ពាក់ព័ន្ធអំពើហិង្សាហ្វូងមនុស្ស ហើយឯកឧត្តម បានស្នើរកការពិនិត្យជាមុន នូវគម្រោងស្នើ របស់ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លើបញ្ហាបណ្តុះបណ្តាល និងការចង់ដឹងអំពីកម្រិត និងតថភាពនៃសំណើរបាយការណ៍នោះសិន។
នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គ ស្នងការនគរបាលជាតិ បានអនុញ្ញាតឲ្យលោក Pradeep Wagle តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ចូលជួបសម្កែងការគួរសម និងពិភាក្សាការងារ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោក Pradeep Wagle បានលើកឡើងអំពីចំណងនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជា និងការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលបានកំណត់តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា។ លោកបានលើកឡើងនូវគោលការណ៍ទប់ស្កាត់ហិង្សាហ្វូងមនុស្ស Mob Violence និងការស្នើរកការបណ្តុះបណ្តាល លើកម្លាំងនគរបាលពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស។ មន្ត្រីអង្គការសហប្រជាជាតិរូបនេះ បានស្នើរកកិច្ចសហការពីអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីការធ្វើកិច្ចការរួមគ្នាលើបញ្ហាការបណ្តុះបណ្តាលនេះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងចាត់ទុកជំនួបថ្ងៃទី១០មិថុនានេះ គឺជាជំនួបដ៏សំខាន់រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយនឹងតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា និងជាការផ្លាស់ប្តូរទស្សនៈថ្មីមួយ រវាងគ្នាទៅវិញទៅមក ហើយក៏ជាសារមួយដើម្បីបញ្ជាក់ទៅនាយកដ្ឋាន-អង្គភាព និងស្នងការរាជធានី-ខេត្ត ថា ថ្នាក់ដឹកនាំអង្គភាពទាំងពីរបានធ្វើការជាមួយគ្នា។
ពាក់ព័ន្ធអំពើហិង្សាហ្វូងមនុស្ស ឯកឧត្តមអគ្គស្នងការនគរបាលជាតិ បានឆ្លើយថា កម្ពុជាមិនទាន់ឃើញមានបញ្ហានេះធំដុំនៅឡើយទេ ប៉ុន្តែបានគាំទ្រលើការអប់រំបណ្តុះបណ្តាលនានាលើកងកម្លាំងនគរបាល។ ឯកឧត្តម ក៏បានស្នើរកការពិនិត្យជាមុននូវគម្រោងស្នើ របស់ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លើបញ្ហាបណ្តុះបណ្តាល និងការចង់ដឹងអំពីកម្រិត និងតថភាពនៃសំណើរបាយការណ៍នោះសិន។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានលើកឡើងអំពីភាពជាក់ស្តែងពិតប្រាកដ នូវកត្តាអនុវត្តច្បាប់ និងការគោរពសិទ្ធិសេរីភាពដែលចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ និងបានលើកឡើងអំពីអំពើអនាធិបតេយ្យរបស់ក្រុមមួយចំនួន ដែលចូលចិត្តធ្វើកិច្ចការបំពានប្រឆាំងនឹងច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ក្រោមស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ពាក់ព័ន្ធនិងការធ្វើបាតុកម្មដោយសន្តិវិធីបច្ចុប្បន្នមានជំហរពីរខ្វែងគ្នា ភាគច្រើនគេចោទថារាជរដ្ឋាភិបាល ឬកម្លាំងនគរបាលបិទសិទ្ធិសេរីភាព តែតាមពិតច្បាប់គឺអនុញ្ញាតឲ្យបញ្ចេញសិទ្ធិសេរីភាព តែត្រូវមានការស្នើសុំ និងជូនដំណឹង និងត្រូវមានការគាំទ្រពីអាជ្ញាធរ មិនត្រូវធ្វើអ្វីដោយបំពានច្បាប់នោះទេ។
ឯកឧត្តម បានបញ្ជាក់ថា លើលោកនេះបើគ្មានច្បាប់គ្រប់គ្រងទេ ប្រទេសនឹងទៅជាអាណាធិបតេយ្យ ដូច្នេះទាមទារឲ្យមានការយោគយល់ក្នុងការបញ្ចេញមតិ ចង់ធ្វើកូដកម្ម បាតុកម្ម ត្រូវតែធ្វើតាមនីតិវិធី។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ក្នុងកិច្ចពិភាក្សានោះផងដែរ នៅបានលើកឡើង អំពីសភាពការណ៍ពាក់ព័ន្ធសិទ្ធិមនុស្សនៅក្រៅប្រទេស ជាពិសេសហេតុការណ៍ ដែលបាននិងកំពុងកើតឡើងនៅក្នុងសហរដ្ឋអាមេរិក ទាក់ទងនឹងការខឹងសម្បាររបស់ពលរដ្ឋ ក្រោយការបាត់បង់ជីវិតពលរដ្ឋស្បែកខ្មៅម្នាក់ ដែលបង្កការខឹងសម្បារធ្វើឲ្យបាតុកម្មតវ៉ាទូទាំងសហរដ្ឋអាមេរិកនោះផងដែរ។
ក្នុងជំនួបនេះដែរ ភាគីទាំងពីរនឹងបន្តសហការគ្នាគ្រប់ពេលវេលា ក្នុងករណីខាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធមនុស្ស ចង់ជួបពិភាក្សាការងារជាមួយនាយកដ្ឋានជំនាញ និងស្នងការរាជធានី-ខេត្ត អគ្គស្នងការនគរបាលជាតិ នឹងបង្កលក្ខណៈ បើកទូលាយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់ និងអង្គភាពសិទ្ធិមនុស្សផងដែរ៕ ដោយ៖កូឡាប