កណ្ដាល៖ លោក ហុក វ៉ានធីណាប្រធានសាលាដំបូងខេត្តកណ្ដាល នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនស្ត្រីម្ចាស់ហាងដ៏ធំម្នាក់ ដាក់ពន្ធនាគារ ដោយចោទពីបទទទួលផលចោរកម្ម ក្រោយរកឃើញថា ស្ត្រីរូបនេះទិញម៉ូតូពីក្រុមចោររាប់សិបគ្រឿង ជាពិសេសទិញម៉ូតូហុងដាសេ១២៥មួយគ្រឿងពីស្ត្រីម្នាក់ជាឃាតករចាក់សម្លាប់ប្រុសស្នេហ៍ពេលកំពុងរួមភេទក្នុងផ្ទះសំណាក់សំណាងណាស់។
ប្រជាពលរដ្ឋ មានការសាទរយ៉ាងខ្លាំងចំពោះវិធានការចុះបង្ក្រាបទីតាំង ហើយឈានដល់ការឃាត់ខ្លួនជនល្មើស យកទៅផ្តន្ទាទោសតាមច្បាប់ ពីព្រោះស្ត្រីជនល្មើសរូបនេះ ត្រូវបានគេនិយាយតៗគ្នាថា ជាជនជើងខ្លាំងម្នាក់ក្នុងភូមិ ដែលតែងតែទទួលទិញផលចោរកម្ម។
មុនឈានដល់ការផ្តន្ទានទោសលើស្ត្រីម្ចាស់ហាងខុសច្បាប់ខាងលើ គឺផ្ដើមចេញពីប្រតិបត្តិការបង្ក្រាបទីកន្លែងទទួលផលចោរកម្ម នៅចំណុចផ្ទះទិញលក់ម៉ូតូយីហោ សុខឃីម ទិញលក់ម៉ូតូគ្រប់ប្រភេទ ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។
តាមដីការបស់តុលាការខេត្តកណ្ដាល ជនល្មើសមានឈ្មោះ ចាន់ សុខហ៊ីម ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរទិញលក់ម៉ូតូ មានទីលំនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ផ្ដើមចេញពី កិច្ចប្រតិបត្តិការ ស្រាវជ្រាវស៊ើបអង្កេត បង្ក្រាប ករណីឃាតកម្មគិតទុក ដែលសម្លាប់ម្ចាស់ហាងម៉ាស្សា និងជាអ្នកកាសែតនោះ សមត្ថកិច្ច បានបន្តបង្ក្រាបទីកន្លែង ទទួលផលចោរកនៅ ចំណុចផ្ទះទិញលក់ម៉ូតូ យីហោ សុខឃីម ទិញលក់ម៉ូតូគ្រប់ប្រភេទ ផ្លូវជាតិ លេខ៥ ផ្ទះគ្មានលេខ ភូមិគ្រួស សង្កាត់សំរោងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្នុងពេលឃាត់ខ្លួនជនល្មើសឈ្មោះ ចាន់ សុខហ៊ីម គឺវត្ថុតាងចាប់យក៖ លិខិតលក់ទិញម៉ូតូ២ច្បាប់ ក្នុងនោះមានលិខិតលក់ម៉ូតូរបស់ជនសង្ស័យឈ្មោះ ផេង ណាន ហៅណា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ នៅភូមិថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ដោយមានស្នាមមេដៃអ្នកលក់ ប៉ុន្តែគ្មានឈ្មោះទេ។លិខិតលក់ម៉ូតូរបស់ឈ្មោះ ចាន់ សុខហ៊ីម ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ លក់ដូរ នៅភូមិ គ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានលក់ម៉ូតូ១គ្រឿង ម៉ាកHonda DreamC125 ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខ1GG-7785 លក់ក្នុង តម្លៃ ១.៦៩០ដុល្លារ គ្មានឈ្មោះ គ្មានលេខទូរស័ព្ទ គ្មានអាសយដ្ឋានអ្នកទិញ គ្មានស្នាមមេដៃអ្នកលក់ និង អ្នកទិញទេ ឯកសារចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨។
ក្រោយពីបានធ្វើសកម្មភាពចាក់សម្លាប់ជនរងគ្រោះក្នុងផ្ទះសំណាក់រួច ជនសង្ស័យឈ្មោះ ផេង ណាន ហៅណា បានយកម៉ូតូរបស់ជនរងគ្រោះ១គ្រឿង ម៉ាកHonda Dream.C125 ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខ1GG-7785 មានលេខតួនិងលេខម៉ាស៊ីន9734460 ទៅលក់ឲ្យជនសង្ស័យឈ្មោះ ចាន់ សុខហ៊ីម ភេទស្រី អាយុ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់ម៉ូតូ មានទីលំនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ នៅចំណុចផ្ទះទិញលក់ម៉ូតូយីហោសុខឃីម ទិញលក់ម៉ូតូគ្រប់ប្រភេទ ផ្លូវជាតិលេខ៥ ផ្ទះគ្មាន លេខ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកនៅ រាជធានីភ្នំពេញ ក្នុងតម្លៃ១.៤៥០ដុល្លារ ។ លុះដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១១.៣០នាទី ទើបកម្លាំងជំនាញខេត្ត និងស្រុក សហការជាមួយកម្លាំងរាជធានីភ្នំពេញ បាននាំជនសង្ស័យឈ្មោះ ផេង ណាន ហៅណា ទៅធ្វើការចង្អុលបង្ហាញទីតាំងទទួលផលចោរកម្មខាងលើ និងធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ចាន់ សុខហ៊ីម និងដកហូត វត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួន។
ក្រោយពីបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាន់ សុខហ៊ីម បានឆ្លើយសារភាពនៅចំពោះមុខ
សមត្ថកិច្ចនគរបាលថា ខ្លួនពិតជាបានទិញម៉ូតូខាងលើ ពីជនសង្ស័យឈ្មោះ ផេង ណាន ហៅណា ក្នុងតម្លៃ១.៤៥០ដុល្លារ ពិតប្រាកដមែន ដោយមានប័ណ្ណសម្គាល់យានយន្តត្រឹមត្រូវប៉ុន្តែមិនមែនឈ្មោះ ផេង ណាន ទេ ជារបស់ ឈ្មោះ នួន សុភាព ហើយម៉ូតូនេះត្រូវបានលក់បន្តទៅឲ្យអ្នកទិញមិនស្គាល់ឈ្មោះ រស់នៅខេត្ត កំពង់ចាម បាត់ហើយ ក្នុងតម្លៃ ១.៦៩០ដុល្លារ ។
កម្លាំងនគរបាល បានចាប់យកម៉ូតូ Honda Dream125 ប្រភេទស្រី ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1GG-7785
ម្ចាស់កម្មសិទ្ធ នួន សុភាព អាសយដ្ឋាន ភូមិស្រែអំពិល សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យរាជធានី ភ្នំពេញ ពីទីតាំងសុខ ឃីម ទិញលក់ម៉ូតូគ្រប់ប្រភេទ នៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលម្ចាស់ទីតាំងមានឈ្មោះ ចាន់ សុខហ៊ីម ភេទស្រី ដែល ត្រូវបានឃាត់ខ្លួនពីបទ ទទួលផលចោរកម្ម មិនព្រមសហការ ផ្ដល់ម៉ូតូ លាក់បាំង មិនសារភាពពីទង្វើ បានទទួលទិញនិងបានយកទៅលក់បន្ត ឲ្យអ្នកផ្សេង ហើយឆ្លើយបង្វែនដាន សមត្ថកិច្ច ក្នុងន័យលាក់បាំងទង្វើរបស់ខ្លួន៕ ដោយ៖បញ្ញាស័ក្តិ