ក្មេងៗប្រុសស្រី៤នាក់ បានធ្វើឲ្យគ្រប់គ្នានៅលើអ៊ីនធឺណេត ស្លុតរន្ធត់ និងស្រៀវជំនួសជាខ្លាំង ខណៈឃើញពួកគេកំពុងប៉ែលប៉ោល រកផ្លូវចុះមកក្រោមវិញ ស្ថិតនៅលើដំបូលផ្ទះដ៏ខ្ពស់មួយនៅក្នុងខេត្ត Guizhou ប្រទេសចិន។ វាមិនជាបញ្ហាគួរឲ្យព្រួយបារម្ភខ្លាំងនោះទេ ប្រសិនបើដំបូលនោះរាបស្មើ និងដែករនាំងការពារ ប៉ុន្តែ នេះគឺជាដំបូលត្រីកោណ។
ខ្សែវីដេអូដែលត្រូវបានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមចិន បានបង្ហាញកុមារដែលមានអាយុប្រហែល ១០ ឆ្នាំ ត្រូវបានដឹងថា បានឡើងទៅលើដំបូល តាមច្រកចេញបន្ទាន់របស់អគារនោះ។
ក្មេងប្រុសម្នាក់ និងក្មេងស្រីម្នាក់ ត្រូវបានឃើញកំពុងរំកិលគូទចុះទៅសំយ៉ាបដំបូង ដើម្បីឆ្លងចូលក្នុងផ្ទះវិញ ខណៈពេលដែលពីរនាក់ទៀត កំពុងប៉ែលប៉ោងនៅលើកំពូលដំបូល ខណៈព្យាយាមទប់លំនឹង មុនពេលរំកិលចុះក្រោម។
ហេតុការណ៍ដ៏ព្រឺព្រួចនេះ ត្រូវបានគេរាយការណ៍ថា ក្មេងប្រុសស្រីទាំងនេះ ស្ថិតនៅប៉ែលប៉ោលនៅទីនោះ រយៈពេល ២០ នាទី ដោយពុំមានសមាជិកក្រុមគ្រួសាររបស់ពួកគេណាម្នាក់បានដឹងនោះទេ។
អគារនេះ ត្រូវបានមន្ត្រីប្រាប់ឲ្យដឹងថា មានកម្ពស់ ៣២ ជាន់ ដោយពុំបានបញ្ជាក់រយៈកម្ពស់ប៉ុន្មានម៉ែត្រនោះទេ ប៉ុន្តែ បើតាមការប៉ាន់ស្មាន អគារនេះមានកម្ពស់ប្រហែល ១០០ ម៉ែត្រ។
តែទោះយ៉ាងណា គេពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលក្មេងៗទាំងនោះ មិនមានបញ្ហាអ្វី។ ព្រោះថា ប្រសិនបើពួកគេធ្វើខុស ឬ ភ្លាត់តែបន្តិចនោះៗ ពួកគេនឹងត្រូវធ្លាក់តែម្តង៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ worldofbuzz)