ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម បានស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការ រវាងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងកម្ពុជា លើវិស័យកសិកម្ម តាមរយ:ការសិក្សាស្រាវជ្រាវ បណ្តុះបណ្តាលធនធានមនុស្ស និងផ្លាស់ប្តូរបទពិសោធន៍រវាងថ្នាក់ដឹកនាំ អ្នកស្រាវជ្រាវវិទ្យាសាស្ត្រ និងមន្ត្រីជំនាញ។
ការស្នើនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង លោក រដ្ឋមន្ត្រីកសិកម្ម វេង សាខុន និង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត Ermenegildo Kupalopes ប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។
ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវអំពីសក្តានុពល និងដំណើរ ការវិវឌ្ឍន៍រីកចម្រើនរបស់វិស័យកសិកម្មកម្ពុជា ជាពិសេសក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កម្ពុជាបានពង្រីកផលិតភាពផលិតកម្មកសិកម្ម និងទីផ្សារនាំចេញកសិផលជាច្រើនទៅកាន់ទីផ្សារអន្តរ ជាតិមានដូចជា៖ ស្រូវ អង្ករ ស្វាយ ចេក ស្វាយចន្ទី ដំឡូងមីស្រស់-ក្រៀម បន្លែ ត្រី និងសត្វ។ល។
ឯកឧត្តមឯកអគ្គរាជទូត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យកសិកម្មគួរឱ្យចាប់អារម្មណ៍ ហើយការរីកចម្រើននេះបានជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា និងកាត់បន្ថយភាពក្រីក្របានយ៉ាងល្អប្រសើរ។
ក្នុងអាណត្តិនៃការបំពេញ បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមឯកអគ្គរដ្ឋទូតថានឹងខិតខំជំរុញ និងពិនិត្យឡើងវិញលើកិច្ចសហប្រតិបត្តិការវិស័យកសិកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ហើយនឹងពិនិត្យ និងរៀបចំឯកសារអនុស្សរណ:នៃការយោគយល់គ្នាលើការនាំចេញកសិផល និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងពេលឆាប់ៗ។
ដោយឡែក ចំពោះការនាំចេញអង្ករទៅកាន់ទីផ្សារទីម័រខាងកើត ឯកឧត្តមឯកអគ្គរដ្ឋទូតថានឹងខិតខំជំរុញឱ្យពាណិជ្ជករទីម័រខាងកើតមកសិក្សា និងស្វែងយល់បន្ថែមអំពីនីតិវិធីច្បាប់ បច្ចេកទេស និងបែបបទនៃការនាំចេញរបស់កម្ពុជាឱ្យបានស៊ីជម្រៅ ហើយសង្ឃឹមថាអង្ករកម្ពុជានឹងមានលក់នៅទីផ្សារទីម័រខាងកើតក្នុងពេលអនាគតដ៏ខ្លី។
ជាការឆ្លើយតប តាមចេតនារបស់ឯកអគ្គរដ្ឋទូតដែលចង់នាំអង្ករកម្ពុជាចូលទីផ្សារទីម័រខាងកើត ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាឱកាសជួបឯកឧត្ដមឯកអគ្គរដ្ឋទូតកាលពីថ្ងៃទី២៧ ខែឧសភា នៅវិមានសន្តិភាព ថារដ្ឋាភិបាលទីម័រខាងកើតគួរបញ្ជូនក្រុមហ៊ុន ឬពាណិជ្ជករមកសិក្សា ស្វែងយល់អំពី សក្តានុពលនៃការផលិតស្រូវ បង្កើតរោងម៉ាស៊ីន និងវេចខ្ចប់ឱ្យបានសមស្របតាមស្តង់ដាររបស់ ទីផ្សារទីម័រខាងកើត ហើយករណីនេះភាគីកម្ពុជានឹងរង់ចាំផ្តល់កិច្ចសហការឱ្យពេញលេញ ធ្វើយ៉ាងណាឱ្យការវិនិយោគនេះសម្រេចទទួលបានជោគជ័យ៕
ដោយ៖សម្ផស្ស