អ្នកអភិរក្សាបានប្រើប្រាស់ផ្កាយរណប ដើម្បីតាមដានសត្វខ្លាឃ្មុំក្រហម (Red panda) នៅតាមភ្នំនៃប្រទេសនេប៉ាល់ ដើម្បីស្វែងយល់បន្ថែមពីកត្តា ដែលធ្វើឲ្យសត្វប្រភេទនេះ ឈានទៅដល់ការជិតផុតពូជ។
ថនិកសត្វប្រភេទនេះកំពុងជិតផុតពូជ ដោយចំនួនរបស់វាបានធ្លាក់មកសល់ត្រឹមពីរបីពាន់ក្បាលប៉ុណ្ណោះ នៅភាគខាងកើតភ្នំហិម៉ាល័យ និងភាគនិរតីនៃប្រទេសចិន។
ខ្លាឃ្មុំចំនួន ១០ត្រូវបានគេបំពាក់ប្រឡៅ GPS ដើម្បីធ្វើការត្រួតពិនិត្យចម្ងាយរបស់វានៅក្នុងព្រៃ ក្បែរភ្នំ Kangchenjunga។ ប្រឡៅ GPS ត្រូវបានគេបញ្ជាក់ថា ធ្វើការយ៉ាងល្អ និងផ្តល់ទិន្នន័យយ៉ាងល្អ។
ខ្លាឃ្មុំញីចំនួន ៦ក្បាល និងឈ្មោល ៤ក្បាល ត្រូវបានគេតាមដាន និងថតរូបភាព ដោយប្រើប្រាស់កាមេរ៉ាបង្កប់ ក្នុងកិច្ចប្រឹងប្រែងអភិរក្សា ដែលមានការចូលរួមពីអ្នកវិទ្យាសាស្ត្រ ពេទ្យសត្វ និងមន្ត្រីរដ្ឋាភិបាលក្នុងប្រទេសនេប៉ាល់ និងអង្គការបណ្តាញអភិរក្សខ្លាំឃ្មុំក្រហម។
ខ្លាឃ្មុំក្រហម ដំបូងឡើយត្រូវបានគេចាត់ទុកថា ស្ថិតក្នុងអំបូរសត្វសំពោច ដោយសារតែកន្ទុយរបស់វា ប៉ុន្តែក្រោយមក ត្រូវបានគេគិតថាវាស្ថិតក្នុងអំបូរខ្លាឃ្មុំ។
ការបាត់បង់ព្រៃឈើដែលជាជម្រក និងអាហារឬស្សីគឺជាបញ្ហាធំសម្រាប់សត្វប្រភេទនេះ។
អ្នកអភិរក្សនៅក្នុងប្រទេសនេប៉ាល់សង្ឃឹមថា ការសិក្សារយៈពេលមួយឆ្នាំ នឹងផ្តល់ទិន្នន័យដ៏សំខាន់ អំពីវិធីការពារសត្វប្រភេទនេះឲ្យបានល្អ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC