ដូចទៅនឹងឈុតឆាកបាញ់ប្រហារដ៏សាហាវមួយនៅក្នុងខ្សែភាពយន្តអ៊ីចឹងនោះ បុរសម្នាក់បានជិះម៉ូតូទឹក (Jet Ski) ប្រដាប់ដោយកាំភ្លើងខ្លី បាញ់ទៅលើអាកាស ដើម្បីគំរាមកំហែងទៅពួកអ្នកនេសាទប្រហែល ៣០០ នាក់ ដែលបានចោទប្រកាន់កំពុងវាយឆ្មក់ចូលក្នុងដែនទឹកកសិដ្ឋានចិញ្ចឹមខ្យង គ្រំ លៀស…ខុសច្បាប់របស់ខ្លួន នៅឆ្នេរសមុទ្រ Phunphin ក្នុងខេត្ត Surat Thani ខណៈអ្នកនេសាទមួយចំនួនបានអះអាងថា មានកម្មសិទ្ធិនៅផ្នែកខ្លះនៃឈូងសមុទ្រថៃក្បែរនឹងឆ្នេរ Phunphin នេះផងដែរ។ តែទោះយ៉ាងណា បើតាមផ្លូវច្បាប់ នោះពួកគេទាំងអស់មិនមានសិទ្ធិអំណាចនោះទេ ពោលគឺសុទ្ធតែធ្វើអាជីវកម្មខុសច្បាប់ទាំងអស់។
Santi Nuansaen អាយុ ២៩ ឆ្នាំ ដែលបានប្រើប្រាស់កាំភ្លើងបាញ់គំរាមទៅលើវាយឆ្មក់ កាលពីម្សិលមិញនេះ បានចំណាយប្រាក់អស់ចំនួន ២,២ លានបាត ទៅលើកូនខ្យងគ្រំ ដើម្បីវិនិយោគនៅក្នុងកសិដ្ឋានចិញ្ចឹមរបស់ខ្លួននៅក្នុងសមុទ្រ។ ប៉ូលីសបានចោទប្រកាន់គាត់ពីការរំសាយអាវុធនៅក្នុងទីសាធារណៈ។ លោក Nuansaen ក៏បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងអ្នកឈ្លានពាន។
វាជាការខុសច្បាប់ក្នុងការដំណើរការកសិដ្ឋានឯកជនក្នុងដែនទឹកសាធារណៈ ប៉ុន្តែភាគច្រើននៃអ្នកនេសាទតែងតែទៅឆ្ងាយពីទីកន្លែងនោះ។ អ្នកនេសាទជាច្រើនបានសង់ខ្ទមនៅក្នុងសមុទ្រ ដើម្បីឃ្លាំមើល និងសូម្បីធ្វើរបងប្ញស្សីព័ទ្ធជុំវិញកសិដ្ឋានចិញ្ចឹមខ្យងរបស់ពួកគេផងដែរ ដើម្បីកុំឲ្យមនុស្សខាងក្រៅចូលមកឈ្លានពាន។
ជាក់ស្តែង មានខ្ទមចំនួន១ពាន់នៅក្នុង Surat Thani និង ៨០ ខ្ទម នៅក្នុង Phunphin ។ អភិបាលខេត្ត Surat Thani បាននិយាយថា ទីតាំងទាំងនោះស្ថិតនៅចម្ងាយប្រហែល ៥ គីឡូម៉ែត្រ ពីឆ្នេរ ។ លោកបន្ថែមថា មានអ្នកនេសាទខ្នាតតូចៗ អាចចូលទៅចាប់ខ្យងនៅក្នុងតំបន់នោះ។
កងទ័ពជើងទឹកថៃ គ្រោងនឹងបង្ក្រាបកសិដ្ឋានចិញ្ចឹមសត្វខុសច្បាប់ទាំងនោះ តាមរយៈឲ្យរុះរើខ្ទម និងរបងចេញ ប៉ុន្តែ ពួកអ្នកនេសាទកំពុងស្នើសុំពេល មុនពេលពួកគេត្រូវបានបណ្តេញចេញ ព្រោះពួកគេបានវិនិយោគប្រាក់យ៉ាងច្រើន នៅក្នុងអាជីវកម្មខុសច្បាប់នេះ៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ Bangkok Post)