យន្តហោះដឹកអ្នកដំណើរ១គ្រឿង មួយគ្រឿងធុន Airbus A321 របស់ក្រុមហ៊ុន VIETJET AIR ជើងហោះហើរលេខ VJ 322 ហោះចេញពីកោះភូកុក ឆ្ពោះមកកាន់ទីក្រុងហូជីមិញ ហើយបានចុះចតស្របពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំង បណ្តាលឲ្យយន្តហោះនោះរត់ចុះចតហួសផ្លូវរត់ចុះចតគួរឲ្យរន្ធត់។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១២ និង២៤ នាទី រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅព្រលានយន្តហោះ Tan Son Nhat នៅក្នុងក្រុងហូជីមិញ ប្រទេសវៀតណាម។
ទោះយ៉ាងណា ក្រុម Vietjet បានបញ្ជាក់ពីហេតុការណ៍នេះ ដោយបានប្រកាសថា អ្នកដំណើរទាំងអស់គឺមានសុវត្ថិភាព និងត្រូវបាននាំចេញពីយន្តហោះ។ ចំណែកយន្តហោះដែលបានធ្លាក់ចូលវាលស្មៅផ្នែកម្ខាងនៃផ្លូវចុះចត ពុំបណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរនោះទេ ដោយគ្រាន់តែខ្ទេចសំបកកង់របស់វាចំនួន២នៅផ្នែកខាងឆ្វេង។
ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏បានស្តីបន្ទោសថា ដោយសារតែភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង ទើបបណ្តាលឲ្យកើតមានគ្រោះថ្នាក់នេះ។ ជើងហោះហើរជាច្រើនទៅកាន់ទីក្រុងកាលពីរសៀលថ្ងៃអាទិត្យម្សិលមិញនេះ ត្រូវបើកក្រឡឹង ហើយមិនអាចចុះចតបានទេ៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ vietnaminsider)