មកទល់ពេលនេះ ឃើញថាសាលារៀនមិនថានៅក្នុងប្រទេសកម្ពុជាយើង ឬ បណ្តាប្រទេសដទៃទៀតទេ គឺពុំទាន់ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនោះទេ ព្រោះតែហេតុផលស្ថានការណ៍នៃវីរុសកូវីដ១៩ នៅតែពុំទាន់ធូរស្រាលទាំងស្រុង។
ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងអប់រំក៏បានដាក់ចេញនូវដំណោះស្រាយរៀនបណ្តោះអាសន្នដល់កូនសិស្ស តាមរយៈការសិក្សាតាមអនឡាញ។ ប៉ុន្តែ ទោះយ៉ាងណា វិធីនេះវាមិនមែនជារឿងងាយស្រួលនោះទេ ជាពិសេសសម្រាប់គ្រួសារនៅតាមតំបន់ជនបទស្រុកស្រែ ដែលប្រឈមការខ្វះខាតនឹងឧបករណ៍រៀនតាមអនឡាញ និងពិសេសនោះ គឺសេវាអ៊ិនធឺណេតខ្សោយតែម្តង។
ជាក់ស្តែងដូចជាសិស្សស្រីម្នាក់នេះ នៅក្នុងប្រទេសម៉ាឡេស៊ី បានធ្វើឲ្យគ្រប់គ្នាសម្តែងនូវការកោតសរសើរជាខ្លាំង ចំពោះទឹកចិត្តដ៏មុះមុតរបស់នាង ក្នុងការរៀនតាមប្រព័ន្ធអនឡាញនេះ ដែលដល់ថ្នាក់តស៊ូរៀនរហូតកំពូលភ្នំ និងជម្រើសចុងក្រោយ បង្ខំចិត្តចំណាយពេល១ថ្ងៃ១យប់នៅលើដើមឈើ ដើម្បីមានសេវាអ៊ិនធឺណេតគ្រប់គ្រាន់ បញ្ចប់ការប្រឡងរបស់នាងដែលសាលារៀនបានដាក់ឲ្យធ្វើ។
Veveonah Mosibin ជាសិស្សមូលដ្ឋានគ្រឹះម្នាក់នៅ Sabah បានចំណាយពេល ២៤ ម៉ោង នៅលើដើមឈើ ដើម្បីនាងមានអ៊ិនធើរណិតគ្រប់គ្រាន់ ដើម្បីបញ្ចប់ការប្រឡងតាមអនឡាញរបស់នាង បើទោះជាត្រូវប្រឈមនឹងសត្វធាតុ និងអាកាសធាតុយ៉ាងណា។
នៅក្នុងវីដេអូ Veveonah បានពន្យល់ថា ដំបូងឡើយ នាងមិនមានគម្រោងធ្វើការប្រឡងនៅលើដើមឈើនោះទេ ព្រោះនាងអាចសង់ខ្ទមនៅលើកំពូលភ្នំ ដែលមានប្រព័ន្ធអ៊ិធើណិតល្អ ប៉ុន្តែ ដោយសារតែខ្ទមនោះត្រូវដួលរលំ ដែលបង្កឡើងដោយសារខ្យល់ និងមានភ្លៀងធ្លាក់ខ្លាំង ហេតុដូចនេះ នាងត្រូវរកដំណោះស្រាយឱ្យបានរហ័ស ដូចដែលនាងបានបង្ហាញវីដេអូឲ្យឃើញនៅលើបណ្តាញ YouTube របស់នាងខាងក្រោមនេះជាក់ស្តែង ៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ worldofbuzz)