បាត់ដំបង៖ កសិករនិងពលរដ្ឋខ្មែរ បានចាប់អារម្មណ៍ពីការចិញ្ចឹមមាន់ តាមបែបបច្ចេកទេសកាន់តែច្រើនគ្នា ហើយងាកមករករៀនសូត្រ ពីរបៀបចិញ្ចឹមតាមវិធីសម័យទំនើប មានការចិញ្ចឹមមាន់សិប្បនិមិត្ត មាន់៣សាសន៍ និងមាន់កសិកម្មជាដើម ខណៈការចិញ្ចឹមមាន់តាមបែបបច្ចេកទេស ទទួលបានផលឆាប់រហ័ស និងចំណេញពេលវេលា ងាយស្រួលក្នុងការចិញ្ចឹម ដើម្បីឲ្យគ្រប់គ្រាន់តាមតម្រូវការទីផ្សារបច្ចុប្បន្ននោះ។
ក្រុមកសិករដែលមកចូលរួមរៀន ពីរបៀបចិញ្ចឹមមាន់សិប្បនិមិត្ត (មាន់ឈាមពីរ) ជាមួយអ្នកជំនាញរបស់កសិដ្ឋានអានស៊ីន សហការពីគម្រោងអេម អង្គការវើលវីសិន រួមទាំងដៃគូអភិវឌ្ឍមួយចំនួនទៀត ដែលស្ថិតក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាតដំបង កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។
ក្រុមកសិករដែលមកចូលរួមរៀន ពីរបៀបចិញ្ចឹមមាន់ បានប្រាប់ឲ្យដឹងថា បច្ចុប្បន្នពួកគាត់បានចិញ្ចឹមមាន់ប្រភេទមាន់ស្រែ ដោយចិញ្ចឹមតាមបែបបុរាណ ទាំងការភ្ញាស់កូន ការឲ្យចំណីក៏មិនទៀងពេលវេលា ហើយមិនដឹងពីរបៀបចាក់ថ្នាំវ៉ាក់សាំងជាដើម ដែលកត្តាទាំងអស់នេះហើយ បានធ្វើឲ្យមាន់ងាប់ច្រើន។ ក្រោយពីចំណាយពេលវេលា ជាមួយនឹងការរៀនសូត្រ ពីការចិញ្ចឹមមាន់សិប្បនិមិត្តនេះ ឃើញថាដឹងច្រើន ទាំងរបៀបធ្វើកន្លែងដេករបស់វា ការឲ្យចំណី និងការដាក់ថ្នាំបង្ការជាដើម ហើយនៅពេលពួកគេអនុវត្តតាមវិធីបច្ចេកទេសសម័យទំនើបនេះ រំពឹងថាការចិញ្ចឹមនឹងទទួលបានជោគជ័យ។
លោក ផាន ស៊ីណាត់ អ្នកគ្រប់គ្រងកសិដ្ឋានអានស៊ិន បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះផ្ដោតទៅលើការដាក់ថ្នាំវ៉ាក់សាំង ការបង្កាត់ពូជមាន់ប្រភេទសិប្បនិមិន្ត រួមទាំងបច្ចេកទេសមួយចំនួនទៀត ដោយការបង្រៀននេះ មានទាំងទ្រឹស្ដី និងការចុះអនុវត្តផ្ទាល់ នៅក្នុងកសិដ្ឋានតែម្ដង ។
គួរបញ្ជាក់ថា មាន់សិប្បនិមិត្ត ដែលកសិករកំពុងចាប់អារម្មណ៍ចិញ្ចឹមនេះ គឺមានតម្លៃទាបជាងមាន់ស្រែតែបន្តិចបន្តួចប៉ុណ្ណោះ ដូចមាន់ស្រែក្នុងមួយគីឡូក្រាមលក់បាន ១៦.០០០រៀល មាន់សិប្បនិមិត្តអាចលក់បានមួយគីឡូក្រាម ១៥.០០០រៀល ហើយតម្រូវការទីផ្សារមួយប្រភេទនេះ ក៏សម្បូរផងដែរ ក្នុងទីផ្សារនានា ទាំងក្នុងខេត្តបាត់ដំបង នាំទៅរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនទៀត ៕
ដោយៈអ៊ុងសារុំ